អ៊ុយក្រែន៖ យោងតាមលោក David Malpass ប្រធានធនាគារពិភពលោកបានឲ្យដឹងថា ពិភពលោកកំពុងប្រឈមនឹងមហន្តរាយមនុស្សជាតិដោយសារតែវិបត្តិរីកកាន់តែធំ បណ្ដាលមកពីការវាយលុករបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានសេដ្ឋកិច្ចរបស់ទូរទស្សន៍ BBC លោក Faisal Islam លោក Malpass ដែលដឹកនាំស្ថាប័នទទួលខុសត្រូវ លើការកាត់បន្ថយភាពក្រីក្រសកលបានព្រមានថា ការហក់ឡើងខ្ពស់នៃតម្លៃម្ហូបអាហារនឹងរុញឲ្យមនុស្សរាប់រយលាននាក់ធ្លាក់ក្នុងភាពក្រីក្រ និងកង្វះខាតអាហារូបត្ថម្ភ បើវិបត្តិនេះនៅតែបន្ត។ លោកបាននិយាយនៅខាងក្រៅកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកក្នុងទីក្រុង Washington ថា នេះគឺជាមហន្តរាយមនុស្សជាតិ មានន័យថា លទ្ធភាពនៃការទទួលបានចំណីអាហារធ្លាក់ចុះ។ ហើយក្រោយមកបានក្លាយជាបញ្ហាប្រឈមខាងនយោបាយ សម្រាប់រដ្ឋាភិបាលទាំងឡាយដែលមិនអាចធ្វើបានសោះឡើយចំពោះបញ្ហានេះ ក្រៅតែពីបើកភ្នែកឈរមើលតម្លៃម្ហូបអាហារឡើងថ្លៃ។
ធនាគារពិភពលោកបានគណនាថា តម្លៃចំណីអាហារអាចហក់ឡើងខ្ពស់រហូតដល់ ៣៧% ដែលជាបង្កការលំបាកកាន់តែខ្លាំងសម្រាប់ពលរដ្ឋក្រីក្រដែលនឹងត្រូវទទួលទានតិច និងមានប្រាក់តិចតួចរ៉ាប់រងជីវភាព ដូចជាបង់ថ្លៃសិក្សាសម្រាប់កូនចៅរបស់ពួកគេជាដើម ហើយនោះមានន័យថា វាពិតអយុត្តិធម៌សម្រាប់វិបត្តិប្រភេទនេះ។ វាប៉ះពាល់ខ្លាំងបំផុតសម្រាប់ពលរដ្ឋមានជីវភាពក្រីក្របំផុត។ នោះក៏ជាវិបត្តិជំងឺ COVID-19 ដ៏ពិតប្រាកដផងដែរ៕
អត្ថបទ៖ សុខមាន