មន្ត្រីសេតវិមានមួយរូប បាននិយាយកាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងគាំទ្រតែកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមលក្ខខណ្ឌរបស់អាមេរិកប៉ុណ្ណោះ បន្ទាប់ពីមាននូវកិច្ចប្រជុំដ៏យូរ នៅក្នុងបន្ទប់ស្ថានការណ៍។
មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Anadolu ថា៖ «លោកប្រធានាធិបតី Trump នឹងធ្វើតែកិច្ចព្រមព្រៀងដែលមានផលល្អសម្រាប់អាមេរិកប៉ុណ្ណោះ និងបំពេញតាមបន្ទាត់ក្រហមរបស់លោក»។

មន្ត្រីរូបនេះបានបញ្ជាក់ថា កិច្ចប្រជុំកម្រិតខ្ពស់មានរយៈពេលប្រហែល ២ម៉ោង ហើយបានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់រដ្ឋបាល ស្ដីពីមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ មន្ត្រីរូបនេះបានបន្ថែមថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ»។
ការប្រាប់ឲ្យដឹងនេះ បានកើតឡើងចំពេលមានការចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយទីក្រុងវ៉ាស៊ីនតោន អះអាងថា កិច្ចព្រមព្រៀងណាមួយត្រូវតែបំពេញតាមលក្ខខណ្ឌតឹងរ៉ឹងដែលកំណត់ដោយប្រធានាធិបតីអាមេរិក។
លោក Trump បានសរសេរនៅមុននេះលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា លោកនឹងជួបជាមួយមន្ត្រីនៅសេតវិមាន ដើម្បីធ្វើ «ការសម្រេចចិត្តចុងក្រោយ» ស្ដីពីកិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើង ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។
លោកបានគូសបញ្ជាក់ពីលក្ខខណ្ឌជាច្រើនដែលលោកបាននិយាយថា ត្រូវបានរួមបញ្ចូលនៅក្នុងសំណើនេះ ក្នុងនោះរួមមានទាំងការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការមិនផលិតអាវុធនុយក្លេអ៊ែរ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ចំពោះការដឹកជញ្ជូនពាណិជ្ជកម្មដោយគ្មានការរឹតបន្តឹង៕
