ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានព្រមានថា របាយការណ៍ចារកម្មបង្ហាញពីលទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ហើយលោកបានជំរុញឲ្យពលរដ្ឋអ៊ុយក្រែនទាំងអស់ស្តាប់តាមការជូនដំណឹងពីការវាយឆ្មក់តាមច្រកអាកាស និងការព្រមានពីសុវត្ថិភាពផ្សេងទៀត ។

លោក Zelenskiy និយាយនៅក្នុងសុន្ទរកថានាពេលយប់របស់លោកថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារគោលដៅយោធា និងថាមពលរុស្ស៊ី រួមទាំងយន្តហោះយោធា Tu-142 ជើងទម្របាញ់មីស៊ីល Iskander និងទីតាំងប្រេងជាច្រើនកន្លែងទៀត នៅតំបន់ Rostov និងតំបន់ Krasnodar របស់រុស្ស៊ី ហើយការវាយប្រហារបែបនេះ បានកាត់បន្ថយសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការបន្តសង្រ្គាម ។
លោកនិយាយផងដែរថា ទីក្រុងគីវ កំពុងធ្វើការ ដើម្បីបង្កើនការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយរំពឹងថា នឹងមានដំណើរទស្សនកិច្ច និងកិច្ចចរចាបន្ថែមទៀត ខណៈការត្រៀមខ្លួន បានធ្វើឡើង សម្រាប់កិច្ចប្រជុំថ្មីនៅអឺរ៉ុប ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានរិះគន់ខ្លាំងៗលើរុស្ស៊ី ហើយបានអំពាវនាវឲ្យបញ្ចៀសការវាយប្រហារជាប្រព័ន្ធតាមការសន្យា ប្រឆាំងនឹងទីក្រុងគីវ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលការអំពាវនាវរបស់ពួកគេ ហើយបានបញ្ជាក់សារជាថ្មីនូវការព្រមានដល់អ្នកការទូតបរទេសឲ្យចាកចេញពីរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ ៕
