យោធាបាននិយាយកាលពីថ្ងៃអាទិត្យ ៣១ ខែឧសភា ថា កងទ័ពអ៊ីស្រាអែលបានដណ្តើមយកបន្ទាយបុរាណយុទ្ធសាស្ត្រមួយដែលស្ថិតនៅលើកំពូលភ្នំនៅភាគខាងត្បូងប្រទេសលីបង់ ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលទៅក្នុងប្រទេសនេះក្នុងរយៈពេល២៦ឆ្នាំ។

ការដណ្តើមយកប្រាសាទ Beaufort នៅជិតទីក្រុង Nabatiyeh បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាច្រើនថ្ងៃ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងភូមិក្បែរៗនោះរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហេសបូឡា(Hezbollah)។

ការដណ្តើមយកនេះបានក្លាយជាការវាយរុលទៅមុខដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមអ៊ីស្រាអែល -ក្រុមហេសបូឡា ចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២ ខែមីនា២០២៦ នៅពេលដែលក្រុមហេសបូឡា បានបាញ់រ៉ូកែតចូលទៅក្នុងភាគខាងជើងអ៊ីស្រាអែលពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារខ្នងបង្អែកដ៏សំខាន់របស់ខ្លួនគឺ អ៊ីរ៉ង់។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបើកការឈ្លានពានដោយថ្មើរជើង ដោយដណ្តើមយកបានភូមិ និងទីប្រជុំជនលីបង់រាប់សិបកន្លែងនៅជិតព្រំដែន។ក្រុមហេសបូឡា បានបាញ់មីស៊ីល និងយានដ្រូនរាប់ពាន់គ្រាប់ទៅលើទាហានអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ និងភាគខាងជើងអ៊ីស្រាអែល។
ការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែលបានកើតឡើងទោះបីជាមានបទឈប់បាញ់ដែលត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១៧ ខែមេសា និងប៉ុន្មានថ្ងៃមុនពេលលីបង់ និងអ៊ីស្រាអែលធ្វើកិច្ចចរចាជុំបន្ទាប់ដោយផ្ទាល់របស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន ដែលចាប់ផ្តើមនៅថ្ងៃអង្គារស្អែកនេះក៏ដោយ៕