បុគ្គលិកជួយសង្គ្រោះពីរនាក់បាននិយាយថា ការផ្ទុះគ្រាប់មីននៅភាគខាងជើងសហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ដោយក្រុមឧទ្ទាមគ្រប់គ្រងតំបន់នោះបាននិយាយថា វាបណ្តាលមកពីការផ្ទុះគ្រាប់មីនដោយចៃដន្យ។ អ្នកឆ្លើយតបដំបូងម្នាក់ នៅក្នុងស្រុក Namhkam នៃរដ្ឋសាន ជាកន្លែងដែលការផ្ទុះបានកើតឡើង បាននិយាយថា មនុស្ស៤៦នាក់បានស្លាប់ រួមមានទាំងកុមារ៦នាក់ និងជាង៧០នាក់ផ្សេងទៀតបានរងរបួស។

អ្នកជួយសង្គ្រោះដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកដោយសារតែការព្រួយបារម្ភអំពីសន្តិសុខថា ការផ្ទុះដ៏ខ្លាំងនេះ បានបំផ្លាញលំនៅឋានជាច្រើនខ្នង ហើយអ្នករងរបួសច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក។ លោកបាននិយាយបន្ថែមថា «អាចមានមនុស្សស្លាប់ច្រើនបន្ថែមទៀតនៅក្រោមលំនៅឋានដែលត្រូវបានបំផ្លាញរបស់ពួកគេ»។

អ្នកជួយសង្គ្រោះម្នាក់ទៀត បាននិយាយថា ចំនួនអ្នកស្លាប់មានចំនួនខ្ពស់ជាងនេះ ដល់៥៩នាក់ ហើយសាកសពត្រូវបានប្រមូលដោយបុគ្គលិកសង្គ្រោះបន្ទាន់ដើម្បីបូជា។ សហភាពមីយ៉ាន់ម៉ា ត្រូវបានញាំញីដោយសង្គ្រាមស៊ីវិល ចាប់តាំងពីយោធាដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដោយកងកម្លាំងប្រដាប់អាវុធកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពល។
កងទ័ពរំដោះជាតិតាអាង Ta'ang (TNLA) ជាក្រុមជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុតមួយរបស់សហភាពនេះ បាននិយាយថា «ការផ្ទុះដោយចៃដន្យ» នៃគ្រឿងផ្ទុះដែលរក្សាទុកប្រើប្រាស់ដើម្បីបំផ្ទុះយករ៉ែ និងថ្ម បានផ្ទុះឡើងនៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ ក្នុងស្រុក Namhkam។