ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump បានស្នើសុំឱ្យមានការកែសម្រួលកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន CBS News ដែលជាដៃគូព័ត៌មានរបស់សារព័ត៌មាន BBC បានឲ្យដឹងថា ការផ្លាស់ប្តូរទាំងនេះទាក់ទងនឹងច្រកសមុទ្រហ័រមូស និងការដកយកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ។ សេតវិមានពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

លោក Mohammad Bagher Ghalibaf ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់នឹងមិនយល់ព្រមលើកិច្ចព្រមព្រៀងណាមួយឡើយ លុះត្រាតែសិទ្ធិរបស់អ៊ីរ៉ង់ត្រូវបានធានាយ៉ាងពេញលេញ។

ប្រធានាធិបតី និងក្រុមមន្ត្រីជំនិតជាន់ខ្ពស់ បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីធ្វើ "ការសម្រេចចិត្តចុងក្រោយ" អំពីក្របខ័ណ្ឌសម្រាប់ការពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ប៉ុន្តែកិច្ចប្រជុំបានបញ្ចប់ដោយគ្មានភាពច្បាស់លាស់លើជំហានបន្ទាប់។
ការបញ្ជាក់ឡើងវិញចុងក្រោយនៃកិច្ចព្រមព្រៀង ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Axios កាលពីថ្ងៃសៅរ៍ រួមមានការបញ្ឈប់អំពើហិង្សារយៈពេល ៦០ ថ្ងៃ ការអំពាវនាវឱ្យបើកច្រកសមុទ្រហ័រមូសឡើងវិញ និងក្របខ័ណ្ឌគោលមួយដើម្បីបើកការចរចាឡើងវិញលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នេះបើយោងតាមសារព័ត៌មាន CBS។
ប្រព័ន្ធផ្សព្វផ្សាយ CBS ដដែល បាននិយាយថា ប្រសិនបើការទូតមានវឌ្ឍនភាព កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរាយការណ៍ថាពាក់ព័ន្ធនឹងលទ្ធភាពនៃការបន្ធូរបន្ថយទណ្ឌកម្មចំពោះអ៊ីរ៉ង់ ដែលអាចអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កក ផងដែរ៕