រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០២៦នេះ គ្រោងប្រមូលចំណូលឲ្យបានក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល ខណៈការផ្គត់ ផ្គង់ទឹកស្អាតក្នុងឆ្នាំនេះមានកំណើនកើនឡើង ស្របពេលការតបណ្តាញចូលខ្នងផ្ទះ ត្រូវបានគ្រោងក្នុងរង្វង់ប្រមាណជាង ៣០ពាន់ខ្នង ផ្ទះផងដែរ។

លោក ដេង ប៉ូលីដែន អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ចនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងបទបង្ហាញនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅចុងសប្តាហ៍កន្លងមកថា សម្រាប់ផែនការផលិតកម្មរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងឆ្នាំ២០២៦នេះ នៅក្នុងកិច្ចដំណើររោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំនួន ៩ កន្លែង គ្រោងផលិតទឹកស្អាតសរុបបានចំនួនជិត ៣២៩ លានម៉ែត្រគូបក្នុងមួយឆ្នាំ ក្នុងផែនការផលិតកម្មជាមធ្យមប្រចាំថ្ងៃជាង ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ក្នុងនោះការតបណ្តាញចូលខ្នងផ្ទះ ត្រូវបានគ្រោងប្រមាណ ៣០ពាន់ខ្នងផ្ទះបន្ថែមផងដែរ។

ដោយឡែកផែនការប្រមូលចំណូលវិញ សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលក្នុងរង្វង់ សរុបជិត ៤០០ ប៊ីលានរៀល ដោយក្នុងនោះចំណូលលើថ្លៃទឹក គ្រោងជាង ៣៥៣ ប៊ីលានរៀល, ចំណូលសិទ្ធិជាវទឹកជាង ១១ ប៊ីលានរៀល, ចំណូលពីសេវាកម្មជាង ៧ ប៊ីលានរៀល, ចំណូលលើអត្រាប្តូរប្រាក់ជាង ៣ ប៊ីលានរៀល និងចំណូលផ្សេងៗជាង ២៥ ប៊ីលានរៀល (ចំណូលមិនទាន់ទូទាត់ចំណាយ)។
សូមបញ្ជាក់ថា ផែនការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរោងចក្រប្រព្រឹត្តកម្មទឹក ស្អាតភូមិព្រែក គ្រោងក្នុងផែនការប្រមាណជាង ៥២ លានម៉ែត្រគូបក្នុងមួយឆ្នាំ, រោងចក្រជ្រោយចង្វា ជិត ៤៥ លានម៉ែត្រគូប, រោងចក្រចំការមនជាង ១៨ លានម៉ែត្រគូប, រោងចក្រនិរោធ ជាង ៩៣ លានម៉ែត្រគូប, បាក់ខែងជំហានទី១និងទី២ ជាង ១១០ លានម៉ែត្រគូប, បឹងធំ ជាង ១.៥ លានម៉ែត្រគូប, តាខ្មៅ ជាង ៦.៧ លានម៉ែត្រគូប, ម្លេច ជាង ៤៥ លានម៉ែត្រគូប និងរោងចក្រត្បូង ឃ្មុំ ជាង ៥៨ លានម៉ែត្រគូបក្នុងមួយឆ្នាំ៕ អត្ថបទ៖ សុន រ៉ាឌី

