ប្រធានអ្នកចរចារបស់អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ថា សហរដ្ឋអាមេរិក មិនត្រូវបានគេទុកចិត្តទេ ដោយនិយាយថាទីក្រុងតេអេរ៉ង់នឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ លុះត្រាតែអាមេរិកធានាចំពោះសិទ្ធិរបស់អ៊ីរ៉ង់យ៉ាងពេញលេញ។

ការថ្លែងរបស់លោក Mohammad Bagher Ghalibaf ធ្វើឡើងនៅពេលដែលមានរបាយការណ៍លើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជូនសំណើសន្តិភាពដ៏តឹងរ៉ឹង ត្រឡប់ទៅឲ្យអ៊ីរ៉ង់វិញ និងបានបញ្ជាក់ពីការខ្វែងគំនិតគ្នាដែលភាគីទាំងពីចំាបាច់ត្រូវតែខិតចូលឲ្យជិតគ្នា។

ការកែសម្រួលណាមួយចំពោះសេចក្តីព្រាង អាចពន្យារពេលបន្ថែមទៀតចំពោះកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជាផ្លូវការសង្គ្រាមនៅមជ្ឈិមបូព៌ា និងបើកឡើងវិញច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាដ៏តានតឹងជាច្រើនសប្តាហ៍ដែលត្រូវបានកត់សម្គាល់ដោយវោហាសាស្ត្រដ៏ខ្លាំងក្លានិងអំពើហិង្សាផ្ទុះឡើងម្តងម្កាល។ អ៊ីរ៉ង់ បានចរចាជាមួយសហរដ្ឋអាមេរិករួចហើយអំពីជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនកាលពីក្នុងខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារតាមអាកាស និងវាយប្រហារដោយមីស៊ីល ដែលបានសម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ភាគច្រើនរបស់សាធារណរដ្ឋអ៊ីស្លាម។ ខណៈ ទីក្រុងតេអេរ៉ង់ បានទទូចជាយូរមកហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលសុទ្ធសាធ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនសង្ស័យថាអ៊ីរ៉ង់មានបំណងផលិតអាវុធ។ សារព័ត៌មាន New York Times និង Axios បានរាយការណ៍ថា លោក Trump បានបញ្ជូនត្រឡប់ទៅវិញនូវក្របខ័ណ្ឌថ្មីដ៏ «តឹងរ៉ឹង» ដើម្បីឲ្យអ៊ីរ៉ង់ពិចារណា ទោះបីជាព័ត៌មានលម្អិតនៅតែមិនទាន់ច្បាស់ក៏ដោយ។ លោក Trump បាននិយាយថា អាទិភាពរបស់លោក រួមមានការបញ្ឈប់អ៊ីរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរណាមួយ និងបើកឡើងវិញផ្លូវដឹកជញ្ជូននៅច្រកសម្រុទ្រ Hormuz ដែលអ៊ីរ៉ង់បានបិទផ្លូវទឹកនេះចាប់តាំងពីសង្គ្រាមចាប់ផ្តើម។