កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារជាច្រើនលើកទៅលើទីក្រុង និងទីប្រជុំជននានានៅទូទាំង ប្រទេសលីបង់ភាគខាងត្បូងកាលពីពេលថ្មីៗនេះ។ ក្នុងទីក្រុង Tyre ការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ចំនួនបីលើក បានវាយប្រហារនៅភាគកណ្តាលទីក្រុង ខណៈទីក្រុង Deir al-Zahrani ទៅភាគខាងជើង ក៏ត្រូវបានវាយប្រហារផងដែរ។

យោងតាមក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ការវាយប្រហារទាំងនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ និងរងរបួស ៣៥ នាក់ រួមមានទាំងស្ត្រី និងកុមារ។ នៅភាគខាងកើត កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារជាច្រើនលើកលើភូមិ និងទីប្រជុំជននានា ព្រមទាំងការឈ្លានពានទៅដល់ប្រាសាទ Beaufort ជានិមិត្តរូបដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសលីបង់ថា al-Shaqif ជាបន្ទាយបុរាណយុទ្ធសាស្ត្រដែលមើលរំលងពីទន្លេ Litani។

ប្រភពផ្នែកការទូតនិយាយថា ការឈ្លានពានទាំងនេះកំពុងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពនៃការឈានដល់ដំណោះស្រាយណាមួយសម្រាប់ជម្លោះនៅក្នុងប្រទេសលីបង់។
ទន្ទឹមនឹងនេះ ស្ថានភាពលំបាករបស់ប្រជាជនភៀសខ្លួននៅក្នុងស្រុក កំពុងកើនឡើងជារៀងរាល់ថ្ងៃ ហើយរដ្ឋាភិបាលលីបង់ កំពុងទប់ទល់ដើម្បីដោះស្រាយ។ វិបត្តិនេះ អាចកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីយោធាអ៊ីស្រាអែល បានចេញការព្រមានដល់ប្រជាជនជាង៨០.០០០នាក់នៅទីក្រុង Tyre ឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយធ្វើដំណើរឆ្ពោះទៅភាគខាងជើង។ នេះនឹងបន្ថែមសម្ពាធកាន់តែខ្លាំងឡើងលើរដ្ឋាភិបាលលីបង់ ដែលខ្វះធនធានរួចហើយ និងកំពុងរងការលំបាកដោយសារតែហេដ្ឋារចនាសម្ព័ន្ធខ្សោយ។