សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ៣១ឧសភា ថាខ្លួនបានបើកការវាយប្រហារការពារខ្លួនលើទីតាំងរ៉ាដា និងកន្លែងត្រួតពិនិត្យយានដ្រូនរបស់អ៊ីរ៉ង់នៅកោះ Goruk និង Qeshm របស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ដែលខ្លួនបាននិយាយថាជាការឆ្លើយតបទៅនឹងសកម្មភាព "ឈ្លានពាន" ពីទីក្រុងតេអេរ៉ង់។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយក្នុងសារមួយនៅលើបណ្ដាញសង្គម X ថាអ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-1 របស់សហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការលើដែនទឹកអន្តរជាតិ។

យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានឆ្លើយតបដោយការកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ស្ថានីយ៍ត្រួតពិនិត្យលើដី និងយានដ្រូនវាយប្រហារបំផ្ទុះខ្លួនឯង នេះបើយោងតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ទីបញ្ជាការនេះបន្ថែមថាគ្មានបុគ្គលិកយោធាអាមេរិកណាម្នាក់រងរបួសទេ។

ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីស្លាមជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថាកងកម្លាំងអវកាសរបស់ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសដែលប្រើក្នុងអ្វីដែលខ្លួនហៅថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប៉មទូរគមនាគមន៍នៅលើកោះ Sirik ប៉ុន្តែមិនបានផ្តល់ទីតាំងនៃមូលដ្ឋាននោះទេ។
ប្រទេសទាំងពីរក៏បានវាយប្រហារគ្នាទៅវិញទៅមកកាលពីសប្តាហ៍មុនផងដែរ ដោយអ៊ីរ៉ង់បានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិកមួយ បន្ទាប់ពីយោធាអាមេរិកបានអនុវត្តអ្វីដែលមន្ត្រីទីក្រុងវ៉ាស៊ីនតោនម្នាក់និយាយថា គឺជាការវាយប្រហារដែលកំណត់គោលដៅប្រតិបត្តិការយានដ្រូនរបស់អ៊ីរ៉ង់នៅជិតច្រកសមុទ្រ Hormuz។យោធាកូវ៉ែតបាននិយាយនៅថ្ងៃចន្ទនេះថា ទន្ទឹមនឹងនេះ កងទ័ពការពារដែនអាកាសកូវ៉ែតបានស្ទាក់ចាប់ ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់សត្រូវ ខណៈសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងទូទាំងប្រទេស៕