ប្រទេសអារ៉ាប់រួម បានថ្កោលទោសការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល ក្រោមការការពាររបស់នគរបាលអ៊ីស្រាអែល ដោយចាត់ទុកថាជា «ការបង្កហេតុ»។

ក្រសួងការបរទេសអារ៉ាប់រួម បាននិយាយថា សកម្មភាពរបស់អ្នកតាំងលំនៅឋាន ដែលបានលើកទង់ជាតិអ៊ីស្រាអែលនៅទីតាំងនោះកាលពីថ្ងៃអាទិត្យ បានរំលោភលើស្ថានភាពជាក់ស្តែងជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់នៅបរិវេណនោះ ជាទីតាំងដ៏ពិសិដ្ឋបំផុតមួយរបស់សាសនាអ៊ីស្លាម។ ក្រសួងក៏បានលើកឡើងពីតួនាទីរបស់ប្រទេសហ្ស៊កដានី ជាអ្នកថែរក្សាវិហារអ៊ីស្លាម និងបានបង្ហាញការគាំទ្រចំពោះវិធានការរបស់ទីក្រុងអាម៉ាន់ ក្នុងការការពារទីតាំងសាសនា។

ប្រទេសអារ៉ាប់រួម និយាយថា ខ្លួនបានឲ្យអាជ្ញាធរអ៊ីស្រាអែល ទទួលខុសត្រូវចំពោះការបញ្ឈប់សកម្មភាពដែលកើនឡើងនេះ និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសភាពតានតឹងបន្ថែមទៀត។ ក្រសួងក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឈានទៅរកដំណោះស្រាយរដ្ឋពីរ ដែលខ្លួនបាននិយាយថា នឹងបំពេញបំណងរបស់ប៉ាឡេស្ទីនសម្រាប់រដ្ឋឯករាជ្យ។
បរិវេណវិហារ Al-Aqsa ដែលក្រុមជ្វីហ្វស្គាល់ថាជាវិហារភ្នំ ត្រូវបានគ្រប់គ្រងដោយការរៀបចំស្ថានភាពជាក់ស្តែងជាយូរអង្វែងមក ដែលអនុញ្ញាតឱ្យតែពលរដ្ឋមូស្លីមចូលបួងសួងនៅទីនោះ ចំណែកពលរដ្ឋពុំមែនមូស្លីម អាចទៅទស្សនាបាន ប៉ុន្តែពុំមានពិធីគោរពបូជាទេ។