អ៊ុយក្រែនបានបដិសេធការអះអាងរបស់ទីក្រុងមូស្គូថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហាររោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី ខណៈដែលទីក្រុងគីវកាលពីថ្ងៃអាទិត្យ បានបើកការវាយប្រហារថ្មីពេញមួយយប់ទៅលើទីតាំងថាមពលរបស់រុស្ស៊ី។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា យានដ្រូនរបស់ទីក្រុងគីវ បានវាយប្រហាររោងចក្រចម្រាញ់ប្រេង Saratov នៅភាគនិរតីនៃប្រទេសរុស្ស៊ី ដែលបានបណ្តាលឲ្យមានអគ្គិភ័យទ្រង់ទ្រាយធំ។ អគ្គសេនាធិការបានបន្ថែមថា វិសាលភាពនៃការខូចខាត កំពុងត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់ ហើយអះអាងថា រោងចក្រចម្រាញ់ប្រេងបានផ្គត់ផ្គង់ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងមូស្គូ។

រោងចក្រចម្រាញ់ប្រេងនេះ ជាកម្មសិទ្ធិរបស់សហគ្រាសប្រេងរដ្ឋរបស់រុស្ស៊ី Rosneft។ អភិបាលតំបន់រុស្ស៊ី លោក Roman Busargin បាននិយាយថា ដ្រូនរបស់អ៊ុយក្រែន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតភ្លាមៗនោះទេ។ Astra ដែលជាបណ្តាញសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី បាននិយាយថា រោងចក្រចម្រាញ់ប្រេងមួយ កំពុងឆេះ នៅក្នុងទីក្រុង Saratov។
អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើកន្លែងផលិតប្រេង និងឧស្ម័នរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយអះអាងថា វិស័យថាមពលផ្តល់មូលនិធិ និងផ្តល់ឥន្ធនៈដោយផ្ទាល់ដល់ការឈ្លានពានរបស់ទីក្រុងមូស្គូដែលមានអាយុកាលជាង ៤ឆ្នាំ ហើយននោះ៕