នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងស្វាគមន៍ដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់មេដឹកនាំមីយ៉ាន់ម៉ា គឺលោក មីន អ៊ុង ឡាំង (Min Aung Hlaing) ចាប់តាំងពីអតីតមេដឹកនាំយោធារូបនេះ បានក្លាយជាប្រធានាធិបតី បន្ទាប់ពីមាននូវការបោះឆ្នោតដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយ។

លោក មីន អ៊ុង ឡាំង ដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្ម ដោយសារការដឹកនាំធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១ បានទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣០ ខែឧសភា ហើយគ្រោងនឹងជួបលោក Modi នៅទីក្រុងញូវដេលី នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ។ នេះបើយោងតាមក្រសួងការបរទេសឥណ្ឌា។
លោក Modi ក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបានជួបលោក មីន អ៊ុង ឡាំង ក្នុងនាមជាប្រធានាធិបតី ទោះបីជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទៅទស្សនកិច្ច នៅសហភាពមីយ៉ាន់ម៉ា កាលពីខែមេសាក៏ដោយ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំង ២ នឹងធ្វើកិច្ចពិភាក្សា «ស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងប្រវត្តិសាស្ត្រ និងអរិយធម៌រវាងប្រទេសទាំង២»។
គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាត្រូវបានស្ថិតក្នុងសភាពឯកោអស់រយៈពេលប្រហែល ៥ឆ្នាំមកហើយ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងឡាំង ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនានា ក្នុងតំបន់៕
