ស្នូកឃ័រ៖ ជើងឯកស្នូកឃ័រពិភពលោក ៤សម័យ John Higgins បានបន្តដំណើរឡើងជុំទី២ ហើយក្រោយយកឈ្នះកីឡាករថៃ Thepchaiya Un-Nooh ១០-៧ហ្វ្រេម។ ចាប់ផ្តើមដំណាក់កាលដំបូង Thepchaiya Un-Nooh បាននាំមុខមុន ៥-៤ហ្វ្រេម តែបទពិសោធន៍ក្រាសក្រែលរបស់កីឡាករវ័យ ៤៦ឆ្នាំ John Higgins គឺជាដើមទុនដ៏សំខាន់ក្នុងការវាយបកយកឈ្នះនៅដំណាក់កាលទី២ វិញ។

ជុំបន្តកីឡាករស្កុតឡេនរូបនេះនឹងជួបជាមួយកីឡាករប៊ែលហ្ស៊ិក Luca Brecel រឺកីឡាករថៃមួយរូបទៀត Noppon Saengkham។ ចំណែកឯអតីតកីឡាករលេខ ១ ពិភពលោកចិន Ding Junhui បានធ្លាក់ចេញពីការប្រកួតហើយក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករអង់គ្លេស Kyren Wilson ១០-៨ហ្វ្រេម។ Ding Junhui ត្រូវបន្តរង់ចាំទៀតដើម្បីក្លាយជាកីឡាករចិនដំបូងឈ្នះជើងឯកពិភពលោក ហើយក៏ខកខានឈ្នះជើងឯក Tour រយៈពេល ៣ឆ្នាំមកហើយបន្ទាប់ពីឈ្នះចុងក្រោយបំផុតនៅឆ្នាំ២០១៩ UK Championship។
ចំណែកឯ Kyren Wilson ក៏មានរដូវកាលមិនល្អដែរឆ្នាំនេះ ដោយលទ្ធផលល្អបំផុតបានត្រឹមឡើងដល់វគ្គផ្តាច់ព្រ័ត្រ Gibraltar Open ខែមុន។ រីឯជើងឯកពិភពលោកឆ្នាំ២០១៩ Judd Trump បាននាំមុខ ៦-៣ហ្វ្រេមត្រឹមដំណាក់កាលដំបូងទៅលើកីឡាករអ៊ីរ៉ង់ Hossein Vafaei ដែលជាកីឡាករអ៊ីរ៉ង់ទី១ មានមុខនៅការប្រកួតជើងឯកពិភពលោក៕
អត្ថបទ៖នាង សុភាវុធ