អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel លោក Zelenskyy បាននិយាយថា លោកតែងតែត្រៀមខ្លួនជាស្រេចដើម្បីចរចាអំពីការបញ្ចប់សង្គ្រាមជាមួយលោក Putin ប៉ុន្តែមិនជឿថា រុស្ស៊ីចង់ឲ្យមានដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែននោះទេ។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីបានបង្ហាញដល់អ៊ុយក្រែននូវសេចក្តីព្រាងឯកសារ ចំពោះការទាមទាររបស់ខ្លួនជាផ្នែកនៃកិច្ចចរចាសន្តិភាព ហើយពេលនេះកំពុងរង់ចាំការឆ្លើយតបពីទីក្រុងគីវ។ លោក Peskov និយាយក្នុងសន្និសីទជាមួយអ្នកសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានអនុម័តលើសេចក្តីព្រាងឯកសារ ដែលមានចែងច្បាស់លាស់ទៅកាន់អ៊ុយក្រែន ហើយពេលនេះយើងកំពុងរង់ចាំការឆ្លើយតប។ ទីក្រុងមូស្គូបានទាមទារជាយូរមកហើយក្នុងចំណោមបញ្ហាផ្សេងទៀត ដែលឲ្យអ៊ុយក្រែនបោះបង់បំណងដើម្បីចូលរួមជាមួយ NATO។
អ៊ុយក្រែនបាននិយាយថា ខ្លួននឹងយល់ព្រមចំពោះរឿងនេះ ជាថ្នូរទៅនឹងការធានាបានសន្តិសុខពីប្រទេសមួយចំនួន។ លោក Zelenskyy និយាយថា ស្ថានភាពនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសនៅតែមានភាពលំបាក ខណៈទាហានរុស្ស៊ីបានបន្តការវាយប្រហារជាថ្មី។ លោកបានជំរុញឱ្យប្រទេសលោកខាងលិចបន្តបង្កើនការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងអនុវត្តការហាមឃាត់ទាំងស្រុងលើការនាំចូលប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន