នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកបានបញ្ជាទាហានឲ្យរុលចូលកាន់តែជ្រៅទៅក្នុងប្រទេសលីបង់ នៅក្នុងសង្រ្គាមប្រឆាំងជាមួយក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ។
យោធាអ៊ីស្រាអែល បានចេញការព្រមានឲ្យមានការជម្លៀសថ្មីសម្រាប់អ្នកស្រុកមួយចំនួននៅតំបន់ភាគខាងត្បូងលីបង់ ។
កាលពីថ្ងៃអាទិត្យម្សិលមិញ ទង់ជាតិអ៊ីស្រាអែល ត្រូវបានមើលឃើញនៅលើប្រាសាទ Beaufort ដែលជាបន្ទាយយុទ្ធសាស្រ្តមួយរបស់លីបង់ ។
ការដណ្តើមយកប្រាសាទ Beaufort នៅជិតទីក្រុង Nabatiyeh បានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសជាច្រើនថ្ងៃ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងភូមិក្បែរៗនោះរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបើកការឈ្លានពានដោយថ្មើរជើង ដោយដណ្តើមយកបានភូមិ និងទីប្រជុំជនលីបង់រាប់សិបកន្លែងនៅជិតព្រំដែន ។
ក្រុមហេសបូឡា បានបាញ់មីស៊ីល និងយានដ្រូនរាប់ពាន់គ្រាប់ទៅលើទាហានអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ និងភាគខាងជើងអ៊ីស្រាអែល។
ការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែលបានកើតឡើង ទោះបីជាមានបទឈប់បាញ់ដែលត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១៧ ខែមេសាក៏ដោយ និងរយៈប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលីបង់ និងអ៊ីស្រាអែល ចូលរួមកិច្ចចរចាជុំបន្ទាប់ដោយផ្ទាល់របស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារស្អែកនេះ ៕