សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការបង្កើនភាពតានតឹងផ្នែកយោធា នៅលីបង់ និងគោរពអធិបតេយ្យភាពរបស់ប្រទេសនេះ ខណៈពេលដែលបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងផ្នែកការទូតដែលមានគោលបំណងជួយឲ្យជម្លោះថមថយ។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងសូមអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការបង្កើនភាពតានតឹងផ្នែកយោធា នៅក្នុងប្រទេសលីបង់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់»។
លោក El Anouni ក៏បានអំពាវនាវឲ្យបន្តការចូលរួមផ្នែកការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីសម្រេចបាននូវមាគ៌ាដែលទទួលយកបានពីភាគីទាំង២ ក្នុងការឆ្ពោះទៅរកស្ថិរភាពរយៈពេលវែង។ លោកបានបញ្ជាក់ថា៖ «ប្រជាជនលីបង់បានស៊ូទ្រាំនឹងការលំបាកយ៉ាងខ្លាំងរួចទៅហើយ។ ពួកគេមិនបានជ្រើសរើសសង្គ្រាមនេះទេ ហើយសង្គ្រាមនេះមិនមែនបង្កើតឡើងដោយពួកគេទេ»។
លោក El Anouni បានបន្ថែមថា ប្រជាជននៅក្នុងប្រទេសលីបង់ និងអ៊ីស្រាអែល មានសិទ្ធិរស់នៅក្នុងសន្តិភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការគំរាមកំហែងដោយសារជម្លោះថ្មីឡើយ។ លោកបានសង្កត់ធ្ងន់ថា EU បង្ហាញពីការមានសាមគ្គីភាពជាមួយប្រជាជនលីបង់ ហើយនឹងបន្តផ្តល់ការគាំទ្រ និងជំនួយសង្គ្រោះបន្ទាន់ ដើម្បីជួយអាជ្ញាធរឆ្លើយតបទៅនឹងវិបត្តិនេះ។
ពាក់ព័ន្ធនឹងសន្តិសុខ លោក El Anouni បាននិយាយថា ប្លុកនេះកំពុងពិចារណាពីការមានវិធានការបន្ថែម ដើម្បីគាំទ្រដល់ស្ថិរភាព នៅក្នុងប្រទេសលីបង់ រួមទាំងលទ្ធភាពដែលអាចមានបេសកកម្មថ្មី ក្នុងគោលបំណងពង្រឹងអំណាចរដ្ឋ៕