កងទ័ពជើងទឹកបារាំង ដោយមានការគាំទ្រពីចក្រភពអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងមួយគ្រឿងដែលសង្ស័យថាជាផ្នែកមួយនៃកងនាវាស្រមោលរងទណ្ឌកម្មរបស់រុស្ស៊ី ។
ប្រធានាធិបតីបារាំងលោក Emmanuel Macronបានប្រកាសនៅថ្ងៃចន្ទនេះពីការស្កាត់ចាប់នាវាដឹកប្រេងនៅលើបណ្តាញព័ត៌មានសង្គម X ដោយរូបលោកនិយាយថា នាវា Tagor ត្រូវបានស្កាត់ចាប់កាលពីថ្ងៃអាទិត្យនៅក្នុងសមុទ្រអាត្លង់ទិក ។
ពាក់ព័ន្ធនឹងការស្កាត់ចាប់នាវានេះដែរ វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា ការស្ទាក់ចាប់ នាវាដឹកប្រេងរងទណ្ឌកម្មអន្តរជាតិដែលធ្វើដំណើរពីរុស្ស៊ី នៅមហាសមុទ្រអាត្លង់ទិកពីសំណាក់បារាំង គឺ ខុសច្បាប់ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskovនិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងមូស្គូថា ពួកយើងចាត់ទុកសកម្មភាពបែបនេះថា ខុសច្បាប់ និងស្ទើរតែដូចគ្នាទៅនឹងទង្វើរបស់ចោរសមុទ្រអន្តរជាតិ ។
លោកបានបដិសេធចំពោះអំណះអំណាងថា ការឃាត់ទុកនាវាដែលធ្វើដំណើរពីរុស្ស៊ី គឺអនុលោមតាមច្បាប់អន្តរជាតិ ។
លោក Peskovបន្តថា រុស្ស៊ីនឹងចាត់វិធានការ ដើម្បីធានាសុវត្ថិភាព សម្រាប់ទំនិញរបស់ខ្លួន ហើយនឹងបន្តចាត់វិធានការទាំងនេះ ពាក់ព័ន្ធនឹងបទពិសោធន៍អវិជ្ជមានដែលខ្លួនធ្លាប់ជួប ៕