មន្ត្រីអ៊ីរ៉ង់បានព្រមានថា ការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីស្រាអែលលើប្រទេសលីបង់ និងអរិភាពដែលកំពុងបន្តនៅតំបន់ហ្កាហ្សា គំរាមកំហែងបង្អាក់ដល់ការចរចាបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ដែលបន្តអូសបន្លាយពេល។

រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានលើកឡើងកាលពីថ្ងៃចន្ទថា ការឈ្លានពានកាន់តែខ្លាំង របស់អ៊ីស្រាអែលលើប្រទេសលីបង់ និងការវាយប្រហាររបស់ខ្លួនលើប្រទេសនេះ រួមជាមួយការហ៊ុមព័ទ្ធកំពង់ផែអ៊ីរ៉ង់ដែលនៅបន្តរបស់សហរដ្ឋអាមេរិក គឺជាការរំលោភបំពានលើបទឈប់បាញ់។

លោក Araghchi បាននិយាយនៅក្នុងសារលើបណ្តាញផ្សព្វផ្សាយសង្គមថា «បទឈប់បាញ់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺជាបទឈប់បាញ់យ៉ាងច្បាស់លាស់នៅគ្រប់ផ្នែក រួមទាំងនៅប្រទេសលីបង់ផងដែរ»។ ការរំលោភបំពានលើផ្នែកណាមួយ គឺជាការរំលោភបទឈប់បាញ់នៅគ្រប់ផ្នែកទាំងអស់ ហើយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវទទួលខុសត្រូវចំពោះផលវិបាកនៃការរំលោភបំពានណាមួយ។
ប្រធានអ្នកចរចា និងជាប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានលើកឡើងពីចំណុចដូចគ្នានេះ។ លោកបានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «ការបិទផ្លូវទឹករបស់កងទ័ពជើងទឹក និងការកើនឡើងឧក្រិដ្ឋកម្មសង្គ្រាមនៅលីបង់ គឺជាភស្តុតាងច្បាស់លាស់នៃការមិនគោរពតាមបទឈប់បាញ់របស់សហរដ្ឋអាមេរិក»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានធ្វើអន្តរាគមន៍ដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយបានបង្ហោះសារកាលពីរសៀលថ្ងៃចន្ទថា លោកបានទទួលការធានាថា កងទ័ពអ៊ីស្រាអែល នឹងមិនបន្តការរុលចូលទៅមុខរបស់ពួកគេឡើយ។