ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរាយការណ៍ថាបានផ្ទុះកំហឹង សូម្បីតែប្រើពាក្យអសុរោះក៏ដោយ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។

ប្រតិកម្មនេះកើតចេញពីការព្រួយបារម្ភថា សកម្មភាពយោធារបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើក្រុមហេសបូឡាជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ អាចធ្វើឱ្យការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនមានស្ថិរភាព។ ក្រុមអ្នកវិភាគបានលើកឡើងថា នេះបង្ហាញពីការបែកបាក់ អាចមើលឃើញរវាងមេដឹកនាំទាំងពីរ ដែលកន្លងមកបានបង្ហាញពីសម្ព័ន្ធភាពមិនអាចបំបែកបាន។

សារព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក Axios បានដកស្រង់សម្តីមន្ត្រីអាមេរិកជាច្រើននាក់កាលពីថ្ងៃទី១មិថុនាសប្ដាហ៍នេះ ដោយរាយការណ៍ថា លោក Trump បានរិះគន់យ៉ាងខ្លាំងចំពោះលោក Netanyahu ក្នុងអំឡុងការហៅទូរស័ព្ទមួយកាលពីថ្ងៃទី២៨ ខែឧសភា ថ្មីៗនេះ ដោយសួរថា "តើអ្នកកំពុងធ្វើផ្ដេសផ្ដាសអ្វី?" ។ ការហៅទូរស័ព្ទនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងបន្ទាប់ពីការបង្កើនប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅលីបង់។ អ៊ីរ៉ង់ធ្លាប់បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានព្រមានអំពីការបញ្ឈប់ការចរចាជាមួយសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Axios ដដែល លោក Trump ត្រូវបានគេរាយការណ៍ថាបានប្រាប់មេដឹកនាំអ៊ីស្រាអែលរូបនេះថា "អ្នកផ្ដេសផ្ដាសពេកហើយ" ហើយបានបន្ថែមថា "អ្នកនឹងត្រូវជាប់ពន្ធនាគារមិនខានបើគ្មានរូបលោកជួយទេនោះ"។សម្ដីនេះត្រូវបានបកស្រាយថាជាការសំដៅទៅលើការគាំទ្រនយោបាយពីមុនរបស់លោក Trump ចំពោះលោក Netanyahu ដែលកំពុងត្រូវបានកាត់ទោសពីបទពុករលួយ។ មន្ត្រីអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Axios ថាលោក Trump បាននិយាយថា "ខ្ញុំកំពុងជួយសង្គ្រោះអ្នក ប៉ុន្តែឥឡូវនេះមនុស្សគ្រប់គ្នាស្អប់អ៊ីស្រាអែល"។ ប្រភពមួយទៀតបានអះអាងថាលោក Trump បានស្រែកថា "តើអ្នកកំពុងធ្វើអ្វី?" ក្នុងអំឡុងពេលហៅទូរស័ព្ទ។
ប្រតិកម្មកាន់តែខ្លាំងរបស់លោក Trump បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភថាសកម្មភាពយោធារបស់អ៊ីស្រាអែលអាចធ្វើឱ្យការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រអាក់រអួល។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ Tasnim News ក៏បានរាយការណ៍ផងដែរថាអ៊ីរ៉ង់បានផ្អាកការផ្លាស់ប្តូរសារជាមួយមន្ត្រីអាមេរិក៕