ព្យុះត្រូពិកដ៏មានឥទ្ធិពលមួយបានវាយប្រហារភាគនិរតីនៃប្រទេសជប៉ុននៅថ្ងៃអង្គារ ទី ២មិថុនា នេះ ដោយបានបំផ្លាញបណ្ដាញផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ផ្ទះរាប់ម៉ឺនខ្នង ជើងហោះហើររាប់រយ ត្រូវបានផ្អាក និងមនុស្ស ៩ នាក់រងរបួស។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានអំពីរលកខ្ពស់ៗ បំណាក់ដី និងទឹកជំនន់ ខណៈព្យុះ Jangmi ដែលត្រូវបានបន្ទាបកម្រិតពីព្យុះទីហ្វុង បានបោកបក់ឆ្ពោះទៅទិសខាងជើងបន្ទាប់ពីបានបោកបក់លើកោះអូគីណាវ៉ា ជាកម្រិតព្យុះត្រូពិកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

មនុស្សជាង ៣០.០០០ គ្រួសារនៅក្នុងតំបន់ Kagoshima ភាគនិរតីនៃប្រទេសជប៉ុន និង ១៧.០០០ គ្រួសារទៀតនៅកោះអូគីណាវ៉ា គ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃអង្គារនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Minoru Kihara បាននិយាយថា ព្យុះ Jangmi ក៏បានបង្ករបួសដល់មនុស្ស ៩ នាក់នៅកោះអូគីណាវ៉ាផងដែរ។
ទូរទស្សន៍រដ្ឋ NHK បានរាយការណ៍ថា របួសត្រូវបានបង្កឡើងដោយព្យុះ Jangmi ដែលបក់កួចនាំយករបស់ផ្សេងៗទៅបុកនឹងរថយន្ត និងខ្យល់បក់ខ្លាំងបណ្តាលឱ្យមនុស្សដួល។
លោក Kihara បានព្រមានថា ការដឹកជញ្ជូនសាធារណៈនៅទីក្រុងតូក្យូ និងទីក្រុងក្បែរៗ អាចប្រឈម នឹងការរំខាននៅថ្ងៃពុធនេះ ខណៈព្យុះនេះខិតជិតមកដល់៕