ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកជឿជាក់ថា សហរដ្ឋអាមេរិកនឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងការបន្ថែមពេលបទឈប់បាញ់ និងបើកឡើងវិញច្រកសមុទ្រ Hormuz «ក្នុងពេលមួយសប្តាហ៍ទៀត»។

នៅពេលត្រូវបានសួរថា តើពេលណាអនុស្សរណៈនៃការយោគយល់ដែលភាគីទាំងពីរកំពុងចរចានឹងត្រូវបានបញ្ចប់និងព្រមព្រៀង នោះលោកTrump បានប្រាប់សារព័ត៌មាន ABC News ថា «ខ្ញុំគិតថា អ្នកនឹងនិយាយថា ក្នុងពេលមួយសប្តាហ៍ទៀត»។ លោក Trump និយាយថា លោកពុំទាន់ព្រមព្រៀងនៅឡើយទេ ព្រោះលោកត្រូវតែ «ទទួលបានចំណុចមួយចំនួនទៀត» ហើយកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់អាច «ប្រសើរជាងជ័យជម្នះយោធា»។

លោក Trump បាននិយាយថា «ដូច្នេះ វាពុំមែនជារឿងងាយស្រួលសម្រាប់ពួកគេទេ។ តាមពិតទៅ វាមិនងាយស្រួលទេពីជំហររបស់យើង។ ប៉ុន្តែយើងនឹងទទួលបានអ្វីដែលយើងត្រូវការ»។ កាលពីថ្ងៃចន្ទ លោក Trump បាននិយាយនៅលើ បណ្តាញ Truth Social របស់លោកថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «កំពុងបន្តក្នុងល្បឿនលឿន» បន្ទាប់ពីការប្រកាសរបស់លោកថា អ៊ីស្រាអែល និងក្រុមហេសបូឡា បានព្រមព្រៀងបញ្ឈប់ការបាញ់ប្រហារ។