ប្រទេសរ៉ូម៉ានី បានចោទប្រកាន់រុស្ស៊ីនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី១ ខែមិថុនា អំពីការឈ្លានពានដោយយានដ្រូនមិនប្រុងប្រយ័ត្ន ដែលបានធ្លាក់ទៅលើអគារលំនៅឋានមួយកន្លែងក្នុងទីក្រុង Galati ដែលបានបណ្តាលឱ្យម្តាយនិងកូនម្នាក់រងរបួស និងបណ្តាលឱ្យខូចខាតដល់អគារយ៉ាងច្រើន។ រដ្ឋមន្ត្រីការបរទេស លោកស្រី Oana Toiu បាននិយាយថា ប្រទេសរ៉ូម៉ានី បានកត់ត្រាការឈ្លានពានបែបនេះជាង៣០លើកនៅឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានច្រានចោលអ្វីដែលលោកហៅថាការចោទប្រកាន់គ្មានមូលដ្ឋាន និងបាននិយាយថា ទីក្រុងមូស្គូបានត្រៀមរួចរាល់ដើម្បីចូលរួមក្នុងការស៊ើបអង្កេត ប្រសិនបើកម្ទេចកម្ទី និងទិន្នន័យវត្ថុតាងត្រូវបានចែករំលែក។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ លោក Andrii Melnyk បាននិយាយថា ការវាយប្រហារនេះបានបង្ហាញថា អឺរ៉ុបត្រូវតែជួយអ៊ុយក្រែនកសាងខែលការពារដែនអាកាសរួមគ្នាឱ្យកាន់តែរឹងមាំ និងស្ទាក់ចាប់យានដ្រូនរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន។
សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានថ្កោលទោសឧប្បត្តិហេតុនេះ ដោយទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួននឹងការពារទឹកដីសម្ព័ន្ធយោធាណាតូ គ្រប់អ៊ីញទំាងអស់។