ក្រសួងធនធានទឹកចិន បានជំរុញក្រុមអាជ្ញាធរកាលពីថ្ងៃចន្ទឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់របស់ប្រទេសនេះចាប់ផ្តើមចូលមកដល់។

ការព្យាករណ៍ជាផ្លូវការបង្ហាញថា ទឹកភ្លៀងនៅតំបន់ខ្លះនៃភាគឦសាន ខាងកើត ខាងត្បូង និងនិរតីនៃប្រទេសចិននឹងមានច្រើនជាងធម្មតាពី១០ ភាគរយទៅ២០ ភាគរយនៅក្នុងខែមិថុនានេះ ដែលបង្កើនហានិភ័យទឹកជំនន់នៅក្នុងតំបន់មួយចំនួនតាមបណ្តោយដងទន្លេយ៉ាងសេ និងនៅក្នុងអាងទន្លេគុជ។
ដោយព្រមានថា ស្ថានភាពទឹកជំនន់អាច "ធ្ងន់ធ្ងរ និងស្មុគស្មាញ" ក្រសួងបានអំពាវនាវឱ្យមានការព្រមានជាមុន និងការឆ្លើយតបជាបន្ទាន់ ដោយបន្ថែមថា ខ្លួននឹងបញ្ជូនក្រុមការងារ និងអ្នកជំនាញទៅកាន់ជួរមុខដើម្បីផ្តល់ការណែនាំនៅនឹងកន្លែង។

ក្រសួងបាននិយាយថា អាងស្តុកទឹកសំខាន់ៗនៅក្នុងអាងទន្លេ ដែលមានហានិភ័យខ្ពស់គួរតែបំពេញតួនាទីរបស់ខ្លួនយ៉ាងពេញលេញក្នុងការគ្រប់គ្រងទឹកជំនន់ និងការសង្គ្រោះគ្រោះមហន្តរាយ ខណៈការល្បាត និងការត្រួតពិនិត្យទំនប់ទឹកសំខាន់ៗត្រូវតែបង្កើន។
ក្រសួងបានបន្ថែមថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអាជ្ញាធរគ្រប់គ្រងគ្រាអាសន្ន និងឧតុនិយម ដើម្បីបង្កើនការចែករំលែកព័ត៌មាន និងពង្រឹងការគាំទ្របច្ចេកទេស៕