យោងតាមប្រភព និងបណ្ដាអ្នកវិភាគ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់កំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងបណ្តោះអាសន្នមានកំណត់ជាមួយសហរដ្ឋអាមេរិក ជាកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចដែលកំពុងកើនឡើង និងធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសមានស្ថិរភាព ខណៈពេលដែលបញ្ចៀសការធ្វើសម្បទានសំខាន់ៗ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ប្រភពអ៊ីរ៉ង់ ៣រូប ដែលស្និទ្ធនឹងអ្នកធ្វើការសម្រេចចិត្ត បានបង្ហើបឲ្យដឹងថា វិធីសាស្រ្តនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រស្រដៀងគ្នាពីមុន សម្រាប់សាធារណរដ្ឋឥស្លាម ដែលមានដូចជាទប់ទល់សម្ពាធដោយមិនចុះញ៉ម បញ្ចៀសការសម្របសម្រួលដែលមិនអាចកែប្រែវិញបាន និងរក្សាការចរចាឲ្យនៅដំណើរការ ដោយមិនផ្លាស់ប្តូរជំហរស្នូល។
ប៉ុន្តែកិច្ចប្រឹងប្រែងចុងក្រោយនេះ ក៏ត្រូវបានជំរុញដោយការមានក្ដីបារម្ភបន្ទាន់ផងដែរ។ មន្ត្រីនានាមើលឃើញកិច្ចព្រមព្រៀងមិនទូលំទូលាយ ជាមធ្យោបាយមួយ ដើម្បីមានពេលវេលាបន្ថែម ជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងទប់ស្កាត់ហានិភ័យក្នុងស្រុកដែលកំពុងកើនឡើង ដោយសារសេដ្ឋកិច្ចដែលកាន់តែអាក្រក់ទៅៗ ដោយមិនចាំបាច់ដោះស្រាយបញ្ហាចម្រូងចម្រាសបំផុតនោះទេ។

កិច្ចប្រឹងប្រែងការទូតនេះកើតឡើងបន្ទាប់ពីការកើនឡើងភាពតានតឹងជាច្រើនសប្តាហ៍ ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីចុងខែកុម្ភៈ បានក្លាយទៅជាជម្លោះក្នុងតំបន់កាន់តែធំធេង។ ការវាយប្រហាររបស់អ៊ីរ៉ង់ នៅទូទាំងឈូងសមុទ្រពែក្ស បានបង្កើនក្ដីបារម្ភ អំពីសន្តិសុខនៃច្រកសមុទ្រ Hormuz ដែលជាផ្លូវតូចចង្អូចដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ១ភាគ៥ របស់សកលលោក។
៣ខែក្រោយ ហើយទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ កាលដើមខែមេសាក៏ដោយ ក៏ជម្លោះនេះបានវិវត្តបន្តិចម្ដងទៅជាភាពជាប់គាំង។ ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក ចំពោះកំពង់ផែអ៊ីរ៉ង់ និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ទីក្រុងតេអេរ៉ង់ នៅច្រកសមុទ្រ បានធ្វើឲ្យមានសម្ពាធលើគ្នាទៅវិញទៅមក ដែលជំរុញឲ្យការចំណាយសេដ្ឋកិច្ចកើនឡើង ខណៈពេលដែលហានិភ័យនៃការប្រយុទ្ធគ្នាថ្មីស្ថិតមិនទាន់ត្រូវបានដោះស្រាយ៕