សមាជិកភាគច្រើននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) បានថ្កោលទោសការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ខណៈដែលសហរដ្ឋអាមេរិកមិនបានរិះគន់ទីក្រុង Tel Aviv ឡើយ ហើយផ្ទុយទៅវិញ បានបង្វែរការបន្ទោសរបស់ខ្លួនទៅលើក្រុមហេបូឡា និងអ៊ីរ៉ង់។

បេសកជនបារាំងប្រចាំអង្គការសហប្រជាជាតិ (UN) លោក Jerome Bonnafont បាននិយាយថា សមាជិកទាំងនោះ បានអំពាវនាវឲ្យបើកសម័យប្រជុំបន្ទាន់មួយ «ដើម្បីឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងយ៉ាងខ្លាំងដែលកំពុងដំណើរការនាពេលនេះ និងការពង្រីកប្រតិបត្តិការយោធាដ៏ធំដោយអ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី១៧ ខែមេសា ក្រោមការគាំទ្ររបស់សហរដ្ឋអាមេរិកក៏ដោយ»។

លោក Bonnafont បានរិះគន់ទីក្រុង Tel Aviv ហើយបានព្រមានថា ការកាន់កាប់ថ្មី នឹងមានតែបង្កជាហានិភ័យធ្វើឲ្យជម្លោះកាន់តែធ្ងន់ទៅៗប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា៖ «មិនត្រឹមតែមិននាំមកនូវសន្តិសុខដល់អ៊ីស្រាអែល និងប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេ ការកាន់កាប់ថ្មីប្រឈមជំរុញឲ្យមានអស្ថិរភាព ពីព្រោះភូមិនីមួយៗ ត្រូវបានទម្លាក់គ្រាប់បែក និងបំផ្លិចបំផ្លាញ ហើយជនស៊ីវិលគ្រប់រូបដែលត្រូវបានសម្លាប់ នឹងជួយពង្រឹងក្រុមហេសបូឡាឲ្យកាន់តែរឹងមាំ និងធ្វើឲ្យអំណាចរដ្ឋាភិបាលលីបង់កាន់តែចុះខ្សោយ»។
ចំណែកលោក Vassily Nebenzia បេសកជន UN របស់រុស្ស៊ី បានគូសបញ្ជាក់ពីភាពស្រដៀងគ្នា រវាងសកម្មភាពយោធារបស់អ៊ីស្រាអែល នៅលីបង់ និងស្ថានភាព នៅតំបន់ហ្កាហ្សា ដោយបញ្ជាក់ថា ប្រទេសលីបង់កំពុងឃើញ «ទិដ្ឋភាពដែលស្ទើរតែដូចគ្នាបេះបិទនៃសេណារីយ៉ូបោសសម្អាតតំបន់ហ្កាហ្សា ដោយមានការបង្កើតការកាន់កាប់ទ្រង់ទ្រាយធំ និងការបង្ខំឲ្យប្រជាជនក្នុងតំបន់ផ្លាស់ទីលំនៅ»។
ក្រៅពីប្រទេសទាំង២ បេសកជនរបស់ប្រទេសផ្សេងទៀតនៃក្រុមប្រឹក្សានេះ ដែលមានដូចជាលោក Fu Cong របស់ចិន និងលោក James Kariuki របស់ចក្រភពអង់គ្លេសជាដើម សុទ្ធតែបានរិះគន់ ចំពោះការពង្រីកប្រតិបត្តិការរបស់អ៊ីស្រាអែល នៅប្រទេសលីបង់នេះ៕

