យោងតាមអង្គភាពនគរបាលបានឲ្យដឹងថា មនុស្ស៧នាក់ រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើង បានស្លាប់បន្ទាប់ពីការបាញ់ប្រហារជាបន្តបន្ទាប់នៅទីតាំងជាច្រើនកន្លែងក្នុងទីក្រុង Muscatine រដ្ឋ Iowa។

នគរបាលនិយាយថា មន្ត្រីនគរបាលបានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍នៃការបាញ់ប្រហារនៅលំនៅឋានមួយកន្លែង ហើយបានឃើញមនុស្សបួននាក់រងរបួសដោយសារគ្រាប់កាំភ្លើង ហើយក្រោយមកអ្នកទាំងបួនត្រូវបានប្រកាសថាស្លាប់នៅកន្លែងកើតហេតុ។
អ្នកស៊ើបអង្កេត បានកំណត់អត្តសញ្ញាណបុរសអាយុ ៥២ ឆ្នាំម្នាក់ជាជនសង្ស័យ ជាអ្នកដែលបានចាកចេញពីលំនៅឋានមុនពេលមន្ត្រីនគរបាលបានទៅដល់ ហើយក្រោយមកត្រូវបានគេរកឃើញដោយជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯង។

ក្រោយមក មន្ត្រីនគរបាលបានរកឃើញបុរសវ័យជំទង់ម្នាក់ទៀតស្លាប់ដោយសារគ្រាប់កាំភ្លើងនៅក្នុងលំនៅឋានដាច់ដោយឡែកមួយ និងបុរសម្នាក់ទៀតស្លាប់នៅទីតាំងអាជីវកម្មក្នុងស្រុកមួយកន្លែង ជាការបាញ់ប្រហារដែលបានបណ្តាលឲ្យមនុស្សសរុប៧នាក់ស្លាប់។
នគរបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ការស៊ើបអង្កេតបឋម បង្ហាញថា ការបាញ់ប្រហារបានផ្តើមចេញពីជម្លោះក្នុងគ្រួសារ» ខណៈនៅពេលនេះ ជនរងគ្រោះទាំងអស់ត្រូវបានគេជឿថាជាសមាជិកគ្រួសាររបស់ជនសង្ស័យដែលបានស្លាប់។