លោក Yasuhiro Yashida គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំកូនក្រុមប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនចាប់ផ្ដើមការប្រកួតជើងឯកយុវជនប្រចាំតំបន់នេះ គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាលោក Yasuhiro Yashida បានសម្ដែងក្ដីរីករាយ ក្នុងការដឹកនាំក្រុមចូលរួមការប្រកួតនៅឥណ្ឌូនេស៊ី ហើយក្រុមទាំងមូល បានតាំងចិត្តយ៉ាងមុតមាំសម្រាប់ការប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ដោយប្ដេជ្ញានឹងប្រឹងប្រែងឲ្យដល់ទីបញ្ចប់ ហើយខិតខំនាំយកលទ្ធផលល្អជូនប្រទេសកម្ពុជា។
គួរដឹងថា ការប្រកួតជើងឯកយុវជន U19 ប្រចាំតំបន់អាស៊ាន ឆ្នាំ២០២៦ នេះ មាន ១១ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U19 កម្ពុជា ស្ថិតក្នុងពូលC ជាមួយក្រុមយុវជនអូស្ដ្រាលី និងហ្វីលីពីន។ ប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U19 ហ្វីលីពីន មុនគេ នាថ្ងៃទី៦ ក្រោយ ហ្វីលីពីន និងអូស្ដ្រាលី ត្រូវជួបគ្នាបើកឆាកពូលC នាថ្ងៃទី៣ ខែមិថុនាស្អែក។ រីឯជំនួបបញ្ចប់ពូល រវាងកម្ពុជា និងអូស្ដ្រាលី នឹងធ្វើឡើងនាថ្ងៃទី៩ ខែមិថុនាខាងមុខ៕ អត្ថបទ លី ឈុនឡា








