ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា លោកបាននិយាយជាមួយក្រុមជីវពលហេសបូឡាលីបង់គាំទ្រដោយអ៊ីរ៉ង់ តាមរយៈអន្តរការី និងទទួលបានការសន្យាថា ពួកគេនឹងមិនវាយប្រហារអ៊ីស្រាអែលនោះទេ ។
លោក Trump បាននិយាយផងដែរថា លោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ហើយអ៊ីស្រាអែលបានយល់ព្រមដកទាហានរបស់ពួកគេមកវិញ ដែលត្រៀមខ្លួនវាយប្រហារតំបន់ភាគខាងត្បូងលីបង់ ។
គួរឲ្យដឹងថា ពុំដែលមានប្រធានាធិបតីសហរដ្ឋអាមេរិករូបណាធ្លាប់និយាយជាមួយក្រុមហេសបូឡាដោយមាន ឬដោយគ្មានអន្តរការីនោះទេ ។ ក្រុមមួយនេះ ត្រូវបានគេចាត់ទុកថា ជាអង្គការភេរវកម្មដោយសហរដ្ឋអាមេរិក ។
លោក Trumpនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social ថា លោកមាននូវការជជែកគ្នាតាមទូរស័ព្ទប្រកបដោយផលិតភាពជាមួយលោកនាយករដ្ឋមន្រ្តី Netanyahu ហើយនិងគ្មានទាហានអ៊ីស្រាអែលទៅកាន់ទីក្រុងបេរូតនោះទេ ហើយទាហានដែលនៅតាមផ្លូវរបស់ពួកគេ ក៏បានវិលត្រឡប់មកវិញរួចហើយដែរ ។
លោកបន្តថា ម្យ៉ាងវិញទៀត តាមរយៈអ្នកតំណាង លោកមាននូវការជជែកដ៏ល្អជាមួយក្រុមហេសបូឡា ហើយពួកគេយល់ព្រមឈប់បាញ់ប្រហារទាំងអស់ ។
មន្រ្តីលីបង់មួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហេសបូឡា បានជូនដំណឹងទៅសហរដ្ឋអាមេរិកតាមរយៈប្រធានសភាលីបង់លោក Nabih Berri ថា ពួកគេចង់បញ្ឈប់ការវាយប្រហារលើតំបន់ភាគខាងជើងអ៊ីស្រាអែល ជាការដោះដូរមិនឲ្យអ៊ីស្រាអែលវាយប្រហារទីក្រុងបេរូត និងតំបន់ជាយក្រុងទីក្រុងមួយនេះ ៕