ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងផ្ទះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលា៤និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅផ្លូវមាត់ទន្លេ ខាងជើងគល់ស្ពានជ្រោយចង្វា ភូមិដើមមៀន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានប្រាប់អោយដឹងថា មុនកើតហេតុ ក្នុងគ្រួសារគាត់មានសមាជិក០៤នាក់ កំពុងគេងលង់លក់ ក៏លឺសំឡេងផ្ទុះ ទើបភ្ញាក់មកឃើញភ្លើងឆេះដល់ពូកក្នុងបន្ទប់គេងក្បែរខ្លួនបាត់ទៅហើយ។ ភ្លាមៗពួកគាត់បានដាស់សមាជិកគ្រួសារនាំគ្នារត់ចេញពីផ្ទះ និងស្រែកឆោឡោផ្អើលប្រជាពលរដ្ឋក្បែរខាងអោយភ្ញាក់ពីដំណេក។
ប្រភពដដែលបន្តទៀតថា ដោយសារតែភ្លើងឆេះក្នុងផ្ទះខ្លាំងរហូតទប់ទល់លែងឈ្នះ ទើបបណ្តាលឲ្យឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងលឿន មានអ្នកខ្លះរត់ចេញពីផ្ទះសឹងតែមិនទាន់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗផងដែរ។
ក្នុងករណីហេតុការណ៍នេះដែរ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៤ខ្នងផ្ទះទាំងស្រុង និងឆ្លងរាលដាលខូចខាតផ្ទះប្រជាពលរដ្ឋអស់០១ខ្នងផ្ទះ ។ ភាគច្រើនជាប្រភេទផ្ទះឈើ ប្រកស័ង្កសី និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៨គ្រឿង ទើបអាចអាចគ្រប់គ្រងស្ថានការណ៍បាន។ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះផងដែរ សមត្ថកិច្ចមិនទាន់ អាចបញ្ជាក់បានថាបង្កឡើងដោយមូលហេតុអ្វីអោយពិតប្រាកដនៅឡើយទេ៕ អត្ថបទ៖ កុម្ភះ