អេឡិចត្រូនិក៖ បន្ទាប់ពីការប្រកួតវិលជុំសន្សំពិន្ទុអស់ពេលជាច្រើនសប្តាហ៍ លីគអាជីពកីឡាអេឡិចត្រូនិក MPL-KH នៅកម្ពុជាសម្រាប់វិញ្ញាសា Mobile Legends: Bang Bang បានរកឃើញក្រុមខ្លាំង ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
សម្រាប់ការប្រកួតវិលជុំសន្សំពិន្ទុ វគ្គ ៨ក្រុមចុងក្រោយបានបញ្ចប់ដោយភាពស្វិតស្វាញ និងរីករាយបំផុតបន្ទាប់ពីក្រុមនីមួយៗធ្វើការប្រកួតជាមួយគ្នាទាំងអស់។ ជាលទ្ធផលក្រោយដំណើរការប្រកួតជាច្រើនសប្ដាហ៍ ក្រុម Impunity KH បានទទួលពិន្ទុច្រើនជាងគេដើម្បីឈរកំពូលតារាង ហើយក៏មានសមាជិកក្រុមជាច្រើនបានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតនីមួយៗផងដែរ។ ចំពោះលទ្ធផលការប្រកួតវគ្គខ្វែង ក្រុម Team MAX ទទួលបានជ័យជម្នះពីការប្រកួតដ៏ស្វិតស្វាញលើក្រុម Logic Esports ក្នុងជ័យជម្នះ ៣-២ ស្របពេលក្រុមខ្លាំង Impunity KH បានយកឈ្នះក្រុម Infamous LG ដោយលទ្ធផល ៣-០ ដើម្បីដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ រីឯក្រុម Burn X Plax បានយកឈ្នះក្រុម DG Quantum ដោយលទ្ធផល ៣-១ ខណៈក្រុម See You Soon បានយកឈ្នះក្រុម Divinity SaGa ដោយលទ្ធផល ៣-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសាចុងសប្ដាហ៍នេះ ដោយអ្នកគាំទ្រអាចចូលរួមទស្សនា និងគាំទ្រដល់ការប្រកួតវគ្គសំខាន់ ជាមួយនឹងសកម្មភាពសប្បាយរីករាយជាច្រើននៅផ្សារទំនើបអ៊ីអនសែនសុខ៕
អត្ថបទ៖ លី ឈុនឡា