លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយសម្រាលពីជម្លោះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ដោយនិយាយថា មេដឹកនាំទាំងពីរមានគោលបំណងរំសាយអាវុធក្រុមហេសបបូឡាដើម្បីសម្រេចបានសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់។

លោក Trump បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធនៅក្នុងសារព័ត៌មាន The New York Post ថា លោកមានការសន្ទនាដ៏តានតឹងជាមួយលោក Netanyahu កាលពីពីរថ្ងៃមុន ដែលតាមសេចក្តីរាយការណ៍ថា លោកបានស្តីបន្ទោសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកដោយពាក្យប្រមាថ។ លោក Netanyahu បាននិយាយសម្រាលពីជម្លោះនេះនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អាមេរិក CNBC ដោយនិយាយថាលោក និងលោក Trump មានទស្សនៈដូចគ្នានៅពេលនិយាយអំពីការដោះស្រាយក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់។
លោក Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍ថាក្រុមហេសបូឡា «គឺជាក្រុមតំណាងអ៊ីរ៉ង់ ដែលដាក់ពលរដ្ឋលីបង់ទាំងអស់ស្ថិតក្រោមការគំរាមកំហែងផ្ទាល់ ហើយប្រើប្រាស់ប្រទេសលីបង់ជាមូលដ្ឋានដើម្បីបាញ់មីស៊ីលភេរវកម្មចូលទៅក្នុងទីក្រុងរបស់អ៊ីស្រាអែល និងបង្ហោះយានដ្រូនពិឃាតប្រឆាំងជនស៊ីវិលរបស់យើង»។ «ដូច្នេះប្រសិនបើយើងចង់ជួយសង្គ្រោះប្រទេសលីបង់ ប្រសិនបើយើងចង់ទទួលបានសន្តិភាពលីបង់-អ៊ីស្រាអែល យើងត្រូវតែរំសាយអាវុធក្រុមហេសបូឡា។ លោក Trump បាននិយាយថា លោកមាន «ការរំខាន» ដោយស្ថានភាពនៅក្នុងប្រទេសលីបង់ នៅពេលដែលលោកបាននិយាយទៅកាន់លោក Netanyahu កាលពីដើមសប្តាហ៍នេះ។ លោក Trump បាននិយាយបន្តថា លោកមាន «ទំនាក់ទំនងល្អខ្លាំង» ជាមួយលោក Netanyahu។
