ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) ថា ក្រោមកិច្ចព្រមព្រៀងមួយដែលកំពុងពិភាក្សាជាមួយអ៊ីរ៉ង់ «សហរដ្ឋអាមេរិកនឹងទទួលបាន» ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញហើយកម្រិតខ្ពស់របស់ទីក្រុងតេអេរ៉ង់ ដែលជាចំណុចជាប់គាំងដ៏សំខាន់មួយ នៅក្នុងដំណើរការចរចា ប៉ុន្តែបានបន្ថែមថា លោកចង់ផ្ដាច់សង្គ្រាមនៅលីបង់ចេញពីការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។

លោក Trump បានបញ្ជាក់ថា ការចរចាជាមួយអ៊ីរ៉ង់អាចទទួលបានលទ្ធផល នៅចុងសប្តាហ៍ខាងមុខ ហើយកំពុងដំណើរការទៅ «ល្អណាស់»។ លោកបាននិយាយថា៖ «ខ្ញុំឮថា ការចរចានេះកំពុងដំណើរការទៅយ៉ាងល្អ»។ ដោយលើកឡើងបន្ថែម អំពីកិច្ចព្រមព្រៀងដែលអាចកើតមាននេះ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «វាអាចកើតឡើង នៅចុងសប្តាហ៍»។

ពាក់ព័ន្ធនឹងសង្គ្រាម នៅប្រទេសលីបង់ លោក Trump បាននិយាយថា លោកចង់ផ្ដាច់ការចរចាពីជម្លោះនោះចេញពីសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាទីក្រុងតេអេរ៉ង់ទទូចថា ជម្លោះទាំងនេះត្រូវបានផ្សារភ្ជាប់គ្នាក៏ដោយ។ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា៖ «ខ្ញុំចង់ផ្ដាច់វាចេញ។ ខ្ញុំចង់ឲ្យរឿងនេះដាច់ដោយឡែកពីគ្នា ព្រោះវាមិនពាក់ព័ន្ធគ្នាទេ»។
ជាមួយគ្នានេះ លោកបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក «ពិតជាបានជជែកជាមួយក្រុមហេសបូឡាជាលើកដំបូងមែន»។ ប៉ុន្តែនៅពេលត្រូវបានសួរ អំពីការលើកឡើងទាំងនេះ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានបញ្ជាក់ថា លោក Trump កំពុងសំដៅទៅលើអ្នកសម្របសម្រួល នៅក្នុងរដ្ឋាភិបាលលីបង់ដែលកំពុងបញ្ជូនសារ រវាងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕