កោះតៃវ៉ាន់នឹងបង្កើនឃ្លាំងអាវុធមីស៊ីលប្រឆាំងនាវាដ៏មានឥទ្ធិពលរបស់ខ្លួន រហូតដល់ជាង ១.៨០០ គ្រាប់ នៅដើមឆ្នាំ ២០២៩ ខណៈដែលខ្លួនកំពុងស្វែងរកការបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការបិទផ្លូវ ឬការក្រសោបយកដោយប្រទេសចិន។ នេះបើយោងតាមការគណនារបស់សារព័ត៌មានរ៉យទ័រ។
អតីតមន្ត្រីយោធាតៃវ៉ាន់ និងមន្ត្រីបច្ចុប្បន្ននិយាយថា ឃ្លាំងអាវុធដែលកំពុងពង្រីកនេះ ដែលអាចបាញ់ចេញពីយន្តហោះ នាវា និងជើងទម្របាញ់លើដី គឺជាផ្នែកមួយនៃការផ្លាស់ប្តូររបស់កោះតៃវ៉ាន់ឆ្ពោះទៅរកយុទ្ធសាស្ត្រអសមាមាត្រ ដែលក្រុមអ្នកការពារកោះនេះ ស្វែងរកការទប់ទល់នឹងអត្ថប្រយោជន៍ដ៏ធំរបស់ចិន ក្នុងការបាញ់ប្រហារជាមួយនឹងអាវុធមួយចំនួនធំ ដែលមានតម្លៃសមរម្យ ប៉ុន្តែមានគ្រោះថ្នាក់។ ទាំងនេះក៏រួមបញ្ចូលទាំងមីស៊ីលរយៈចម្ងាយខ្លី និងយានដ្រូនវាយប្រហារពីលើដី និងពីលើអាកាសផងដែរ។

មន្ត្រីទាំងនេះ និយាយថា កោះតៃវ៉ាន់មានគោលបំណងកសាងកម្លាំងធន់ដែលត្រូវបានរចនាឡើង ដើម្បីការពារនិងវាយបកទៅនឹងការទម្លាក់គ្រាប់បែកតាមអាកាស និងមីស៊ីលរបស់ចិន ហើយលេចចេញជារូបរាង ដើម្បីវាយប្រហារកងនាវាឈ្លានពាន ឬនាវាដែលបិទផ្លូវកោះនេះ។ ពួកគេបានចង្អុលបង្ហាញពីភាពជោគជ័យរបស់ប្រទេសអ៊ុយក្រែន និងអ៊ីរ៉ង់ ក្នុងការប្រើប្រាស់មីស៊ីល និងយានដ្រូន ដើម្បីធ្វើឲ្យស្ថានការណ៍មានភាពស្មើគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវដ៏មានអំណាចជាង។
ការគណនារបស់រ៉យទ័រអំពីឃ្លាំងអាវុធមីស៊ីលប្រឆាំងនាវាដែលកំពុងកើនឡើងរបស់កោះតៃវ៉ាន់ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្មអាវុធ ឯកសារអនុម័តការនាំចេញរបស់សហរដ្ឋអាមេរិក ការប៉ាន់ស្មានពីអ្នកវិភាគការពារជាតិ និងការសម្ភាសន៍ជាមួយមន្ត្រីរដ្ឋាភិបាលរបស់កោះនេះ៕
