សមាជិកក្រុមជួយសង្គ្រោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC News ថា ប្រតិបត្តិការស្វែងរកអ្នករុករករ៉ែមាស ២នាក់ផ្សេងទៀត ដែលគេជឿថា ជាប់ក្នុងរូងភ្នំលិចទឹក នៅប្រទេសឡាវ ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមឡើងវិញ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នេះ បន្ទាប់ពីភ្លៀងរដូវមូសុង បានរំខានដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ។
ក្រុមជួយសង្គ្រោះ បានឲ្យដឹងថា អ្នករុករករ៉ែ ៥នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះកាលពីសប្តាហ៍មុន ដោយម្នាក់ក្នុងចំណោមពួកគេ ត្រូវបានបង្រៀនពីវិធីមុជទឹកដោយមានបំពង់អុកស៊ីហ្សែន ដើម្បីធ្វើដំណើរទៅកាន់មាត់រូងភ្នំ។ ហើយលោក Robin Cuesta ដែលជាអ្នកមុជទឹកម្នាក់របស់ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC News ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមស្វែងរកមានគម្រោងចុះតាមផ្លូវដែលទើបរកឃើញថ្មីមានជម្រៅ ១៩៦ហ្វីត (ជិត ៦០ម៉ែត្រ) ដោយសង្ឃឹមថា វានឹងនាំទៅដល់កន្លែងដែលពួកគេសង្ស័យថា អ្នករុករករ៉ែទាំង ២នាក់នោះ អាចនឹងនៅ។
មន្ត្រីជួយសង្គ្រោះបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងរូងភ្នំនេះ ត្រូវបានផ្អាកអស់រយៈពេលជាច្រើនថ្ងៃហើយ ដោយសារតែភ្លៀងធ្លាក់ខ្លាំងរដូវមូសុង បានកើតមាននៅខេត្ត Xaisomboun របស់ប្រទេសនេះ។ ហើយលោក Cuesta បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC News កាលពីព្រឹកថ្ងៃពុធថា មិនមានសញ្ញាថ្មីណាមួយ បង្ហាញពីកន្លែងដែលមនុស្ស ២ទៀតដែលនៅតែបាត់ខ្លួន ស្ថិតនៅក្នុងរូងដ៏តូចចង្អៀតនេះឡើយ។
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា ក្រុមអ្នករុករករ៉ែមាសខុសច្បាប់ទាំង ៧នាក់នោះ បានចូលទៅក្នុងរូងភ្នំនោះ កាលពីថ្ងៃទី១៩ ខែឧសភា ហើយបានជាប់នៅក្នុងនោះ នៅពេលដែលទឹកភ្លៀង បានជន់លិចច្រកចូលរូងភ្នំ។ ក្រុមស្វែងរក ឲ្យដឹងថា ប្រតិបត្តិការ បានរកឃើញមនុស្ស ៥នាក់ ដោយ ២នាក់ទៀតនៅតែមិនទាន់រកឃើញ៕



