គណបក្សប្រជាធិបតេយ្យ (Democratic Party) របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រមូលសន្លឹកឆ្នោតមូលដ្ឋានដ៏ច្រើនលើសលប់ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) ប៉ុន្តែបានទទួលលទ្ធផលខកចិត្ត ខណៈដែលលោក Oh Se-hoon ដែលជាអ្នកអភិរក្សនិយមរបស់ក្រុមប្រឆាំង បានកាន់តំណែងអភិបាលក្រុងសេអ៊ូលមួយអាណត្តិទៀត។

គណបក្សប្រជាធិបតេយ្យ បានឈ្នះចំនួន ១២ ក្នុងចំណោម ១៦ នៃការប្រកួតប្រជែងដណ្ដើមតំណែងអភិបាលក្រុង និងខេត្ត នៅទូទាំងប្រទេស ខណៈដែលក្រុមអភិរក្សនិយម គឺគណបក្សអំណាចប្រជាជន (People Power Party) បានឈ្នះ ៤តំណែង ជាលទ្ធផលដែលផ្តល់ឲ្យគណបក្សរបស់លោក Lee នូវការគ្រប់គ្រងយ៉ាងទូលំទូលាយ លើរដ្ឋបាលមូលដ្ឋាន ក្នុងរយៈពេល ១ឆ្នាំនៃការកាន់តំណែងប្រធានាធិបតីរបស់លោក។
តែយ៉ាងណាក្ដី ការបាត់បង់ក្រុងសេអ៊ូល ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង និងជាតំណែងអភិបាលក្រុងដ៏មានតម្លៃបំផុតខាងនយោបាយ បានធ្វើឲ្យជ័យជម្នះរបស់គណបក្សកាន់អំណាចចុះខ្សោយ និងផ្តល់ឲ្យក្រុមអភិរក្សនិយមនូវជំហរចាប់ផ្ដើមសំខាន់មួយ ខណៈពេលដែលពួកគេស្វែងរកការព្រឹងឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវ ជុំវិញការប៉ុនប៉ងចេញច្បាប់អាជ្ញាសឹកមិនជោគជ័យ ក្នុងឆ្នាំ២០២៤ របស់អតីតប្រធានាធិបតី លោក Yoon Suk Yeol និងការចោទប្រកាន់ជាបន្តបន្ទាប់។
មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Jung Chung-rae បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោតចំពោះអ្វីដែលលោកហៅថា ជា «ជ័យជម្នះដ៏អស្ចារ្យ» ទូទាំងប្រទេស ប៉ុន្តែបានទទួលស្គាល់មានការខកចិត្តខ្លាំងណាស់ ដែលបាត់បង់តំណែងគ្រប់គ្រងរដ្ឋធានី៕


