សមាជិកសភាអាល្លឺម៉ង់លោក Markus Frohnmaier បានប្រាប់សារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (SPIEF) ថា ប្រទេសនេះ នៅតែមានចំណាប់អារម្មណ៍ក្នុង ការចាប់ផ្តើមឡើងវិញនូវបំពង់បង្ហូរឧស្ម័ន Nord Stream និង Nord Stream 2 បន្ទាប់ពីជម្លោះនៅអ៊ុយក្រែន ត្រូវបានបញ្ចប់។

លោក Frohnmaier ដែលជាអនុប្រធានគណបក្សជម្រើសសម្រាប់អាល្លឺម៉ង់ ( Alternative for Germany) និងជាអ្នកជំនាញគោលនយោបាយការបរទេសសម្រាប់ក្រុមសមាជិកសភារបស់គណបក្សនេះ បាននិយាយថា៖«នៅផ្នែករបស់យើង មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការដាក់ឲ្យដំណើរការ បំពង់បង្ហូរឧស្ម័ន Nord Stream ឡើងវិញ»។
សមាជិករូបនេះ បានបន្ថែមថា៖«សូម្បីតែពេលយើងកំពុងនិយាយគ្នាក៏ដោយ ក៏នៅមានហេតុផលដើម្បីពិនិត្យមើលឱកាសនានា ដើម្បីឈានដល់ការយោគយល់គ្នាទៅវិញទៅមកលើប្រធានបទនេះនាពេលអនាគត នៅពេលដែលជម្លោះនៅអ៊ុយក្រែន បានបញ្ចប់»៕
