កងទ័ពអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) បានប្រាប់ថា ខ្លួននឹងបន្តការវាយលុក នៅភាគខាងត្បូងលីបង់ ទោះបីជាមានសេចក្តីប្រកាសត្រីភាគីដែលចេញនៅទីក្រុងវ៉ាស៊ីនតោន ដោយប្រកាសពីកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ក៏ដោយ ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយថា ប្រតិបត្តិការយោធានឹងបន្តរហូតដល់ក្រុមហេសបូឡាត្រូវបានលុបបំបាត់ពីតំបន់ភាគខាងត្បូងនៃទន្លេ Litani។

ចាប់តាំងពីថ្ងៃទី២ ខែមីនាមក អ៊ីស្រាអែលបានធ្វើការវាយលុកទ្រង់ទ្រាយធំមួយ នៅក្នុងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សជាង ៣.៥០០នាក់ បណ្ដាលឲ្យរងរបួសជាង ១០.៦០០នាក់ និងបាននាំឲ្យមនុស្សជាង ១លាននាក់ផ្លាស់ទីលំនៅ។ នេះបើយោងតាមតួលេខផ្លូវការ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ការប្រយុទ្ធគ្នានៅភាគខាងត្បូងលីបង់ កំពុងបន្តមាន ហើយកងទ័ពអ៊ីស្រាអែលបន្តកំណត់គោលដៅលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡាដែលមានទីតាំងនៅនោះ និងក្បែរភូមិរបស់អ្នក»។
លោក Adraee បានជំរុញឲ្យប្រជាជនជៀសវាងកុំធ្វើដំណើរទៅភាគខាងត្បូងនៃទន្លេ Zahrani «រហូតដល់មានការជូនដំណឹងបន្ថែម» ដោយព្រមានថា «អ្នកណាដែលធ្វើដំណើរទៅភាគខាងត្បូង កំពុងធ្វើឲ្យជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់»។
ដោយឡែក លោក Katz បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបានជាមួយទីក្រុងបេរូត «នៅតែមានលក្ខខណ្ឌ« ឲ្យលុបបំបាត់យុទ្ធជនរបស់ក្រុមហេសបូឡាចេញពីភាគខាងត្បូងលីបង់៕


