ស្នូរគ្រាប់កាំភ្លើងត្រូវបានបន្លឺឡើងនៅតាមតំបន់មួយចំនួននៅក្នុងរដ្ឋធានី Mogadishu របស់សូម៉ាលីនាថ្ងៃព្រហស្បតិ៍នេះ ស្របពេលភាពតានតឹងរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រឆាំង កើនឡើង ។
រូបភាពវីដេអូឃ្លីបឃើញដងផ្លូវគ្មានមនុស្សម្នា ក្នុងនោះ ការផ្ទុះគ្រាប់កាំភ្លើង និងការផ្ទុះគ្រាប់ម្តងម្កាល បានបន្លឺឡើងពីជ្រុងម្ខាង ។
ក្រុមអ្នកស្រុកនិយាយថា ការប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីយប់មិញ និងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលទាហានរដ្ឋាភិបាល និងក្រុមជីវពលក្រោមចំណុះក្រុមប្រឆាំង បានផ្ទុះអាវុធដាក់គ្នានៅតាមតំបន់ជាច្រើននៅក្នុងទីក្រុង ។
ការប៉ះទង្គិចគ្នានេះ បានកើតឡើង មុនបាតុកម្មតាមការគ្រោងទុកប្រឆាំងនឹងលោកប្រធានាធិបតី Hassan Sheikh Mohamud ដែលក្រុមប្រឆាំងនយោបាយរបស់លោកចោទប្រកាន់រូបលោកថា បន្តនៅកាន់អំណាចទៀត ក្រោយអាណតិ្តរបស់លោកផុតកំណត់ ។
ភាពទាល់ច្រកកើនឡើងនេះដែរ បង្កឲ្យមានក្តីបារម្ភពីអស្ថិរភាពនៅទីក្រុង Mogadishu ក្នុងនោះជនស៊ីវិល កំពុងជាប់ខ្លួននៅកណ្តាលជម្លោះ ៕