នគរបាលអ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នេះថា បុរសជនជាតិជ្វីហ្វជ្រុលនិយមរាប់សិបនាក់ ត្រូវបានឃុំខ្លួន បន្ទាប់ពីពួកគេបានលុកលុយផ្ទះរបស់ចៅក្រមមួយរូបរបស់តុលាការកំពូល ដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនអ្នកគេចកាតព្វកិច្ចយោធាពីសហគមន៍របស់ពួកគេ។
ការវាយប្រហារនេះផ្តោតលើលោក Noam Sohlberg ដែលជាអនុប្រធានតុលាការកំពូល ហើយបានកើតឡើងកាលពីយប់ថ្ងៃពុធ នៅក្នុងទីតាំងតាំងទីលំនៅនៃទីក្រុង Alon Shvut ក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។
នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះថា៖ «ស្នងការនគរបាល លោកឧត្តមសេនីយ៍ឯក Daniel Levi ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សា នៅឯគេហដ្ឋានរបស់លោក Sohlberg។ សិទ្ធិក្នុងការតវ៉ាមិនត្រូវប្រែក្លាយទៅជាអំពើហិង្សា បង្កការខូចខាត ឬបង្កគ្រោះថ្នាក់ដល់មន្ត្រីសាធារណៈឡើយ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ នគរបាលបានបញ្ជាក់ថា «ក្រុមបាតុកររាប់សិបនាក់ បានរំខានដល់សន្តិភាព ហើយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិ» របស់លោក Sohlberg។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា «មន្ត្រីនគរបាលដែលបានទៅដល់កន្លែងកើតហេតុ បានឃុំខ្លួនជនសង្ស័យរាប់សិបនាក់ ហើយនាំពួកគេទៅសួរចម្លើយ»។
គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាកំពុងធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនថ្មីៗ ចំពោះបុរសជនជាតិជ្វីហ្វជ្រុលនិយមវ័យក្មេង ដែលបានខកខានមិនបានរាយការណ៍ទៅកាន់មជ្ឈមណ្ឌលចុះឈ្មោះចូលបម្រើកងទ័ព បន្ទាប់ពីត្រូវបានកោះហៅឲ្យបំពេញកាតព្វកិច្ចយោធា៕