កម្មវិធីស្បៀងអាហារពិភពលោក(WFP) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានចេញម្តងទៀតនូវការព្រមានរបស់ខ្លួនអំពីវិបត្តិថាមពល និងស្បៀងអាហារ ដែលកើតចេញពីសង្គ្រាមអ៊ីរ៉ង់ ដោយលើកឡើងការព្រួយបារម្ភថា មនុស្ស ៤៥ លាននាក់ នៅទូទាំងពិភពលោក អាចនឹងធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន។

ការព្រមាននេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលសន្និសីទមួយដោយលោក Carl Skau នាយកប្រតិបត្តិស្តីទីរបស់ WFP ដែលប្រឈមនឹងការលំបាកដោយកង្វះថវិកា ចំពេលមានវិបត្តិដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនានាកាន់តែអាក្រក់ឡើងៗ។
លោកបាននិយាយថា ការបិទច្រកសមុទ្រហ័រមូសបម្រើជាចំណុចកណ្តាលនៃការគំរាមកំហែងសកលចំពោះសន្តិសុខស្បៀង និងថាមពល ដោយព្រមានអំពីផលវិបាកដ៏មហន្តរាយ ប្រសិនបើប្រេង នៅតែមានតម្លៃប្រហែល ឬលើសពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល រហូតដល់ខែកក្កដានោះ។

លោកបានថ្លែងក្នុងសន្និសីទនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា៖«ទំនាក់ទំនងរវាងតម្លៃថាមពល និងស្បៀងអាហារ គឺតឹងតែងណាស់នៅកន្លែងជាច្រើន ហើយនៅក្នុងប្រទេសក្រីក្របំផុត ប្រជាជនកំពុងចំណាយប្រាក់ទាំងអស់របស់ពួកគេលើស្បៀងអាហាររួចហើយ»។
លោក Skau បានឃើញផលប៉ះពាល់ដោយផ្ទាល់តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន លីបង់ និងស៊ូដង់ ខណៈដែល WFP បានព្រមានអំពីស្ថានភាពសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសសូម៉ាលី និងស្រីលង្កា៕