អង្គការសុខភាពពិភពលោក កំពុងបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះការផ្ទុះឡើងជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយនាំយកសម្ភារៈផ្គត់ផ្គង់ដែលត្រូវការចាំបាច់ទៅកាន់ជួរមុខក្នុងពេលគ្រាអាសន្នសុខភាព នៅសប្តាហ៍នេះ។
មានរឿងរ៉ាវជាច្រើនកើតឡើងក្នុងពេលមានការវាយប្រហារដោយក្រុមអ្នកស្រុកទៅលើក្រុមអ្នកឆ្លើយតបជំងឺអេបូឡា។ ក្រសួងសុខាភិបាលរបស់ប្រទេស បាននិយាយថា អ្នកស្រុកបានវាយទៅលើក្រុមបញ្ចុះសពអ្នកជំងឺអេបូឡាមួយក្រុមនៅក្នុងខេត្ត South Kivu ក្នុងសប្តាហ៍នេះ ដែលបង្ខំឱ្យអ្នកឆ្លើយតប បោះបង់ចោលមឈូសដាក់សាកសព និងបង្កើនការព្រួយបារម្ភនៃការចម្លងវីរុសបន្ថែមទៀត។
ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើក្រុមអ្នកឆ្លើយតបជំនាញដែលបានទទួលការបណ្តុះបណ្តាលដើម្បីដោះស្រាយបញ្ចុះសាកសពដែលឆ្លងខ្ពស់ ក្រោមពិធីការតឹងរ៉ឹងដើម្បីការពារករណីឆ្លង។
មន្ត្រីបាននិយាយថា សាកសពត្រូវបានដោះស្រាយជាបន្តបន្ទាប់ដោយសមាជិកសហគមន៍ ជាការអនុវត្តដែលមានហានិភ័យខ្ពស់ដែលអាចជំរុញឱ្យមានករណីឆ្លងថ្មី។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសកុងហ្គោ បានកត់ត្រាករណីឆ្លងជំងឺអេបូឡាដែលត្រូវបានបញ្ជាក់មានជាង៣៨០ករណី និងយ៉ាងហោចណាស់មានអ្នកស្លាប់៦៣នាក់ចាប់តាំងពីការផ្ទុះឡើងចុងក្រោយត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភា។

