រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ទីក្រុងអង់ការ៉ាបានកត់សម្គាល់ពីវឌ្ឍនភាពដែលកំពុងលេចចេញពីការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ហើយសង្ឃឹមថា លទ្ធផលជាក់លាក់នឹងសម្រេចបាន។

លោកបានចង្អុលបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសបង់ក្លាដែស បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Khalilur Rahman ថា៖«សង្គ្រាមអ៊ីរ៉ង់-អាមេរិកកំពុងមានផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែទៅលើតំបន់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែទៅលើពិភពលោកទាំងមូលផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ពីវឌ្ឍនភាពដែលត្រូវបានធ្វើឡើងនៅក្នុងកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយសង្ឃឹមថា ការចរចាទាំងនេះ នឹងនាំទៅរកលទ្ធផលជាក់ស្តែង ដែលរួមចំណែកដល់ការបង្កើតសន្តិភាព និងស្ថិរភាពយូរអង្វែង។ ការស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស និងការវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាម គឺចាំបាច់សម្រាប់សេដ្ឋកិច្ចពិភពលោក វិស័យថាមពល និងសន្តិសុខ»។
លោក Fidan បានកត់សម្គាល់ថា ប្រទេសទួរគីកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជួយដោះស្រាយស្ថានភាព នៅឈូងសមុទ្រពែក្ស។
ទន្ទឹមនឹងនេះ លោកបានលើកឡើងថា៖«ទោះបីជាមានវឌ្ឍនភាពក្នុងការចរចាក៏ដោយ ទីក្រុងអង់ការ៉ាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរំលោភបំពានបទឈប់បាញ់ម្តងហើយម្តងទៀត»។ លោកបានបន្ថែមថា៖ «សហគមន៍អន្តរជាតិគួរតែបង្ហាញពីឆន្ទៈរួមមួយ ដើម្បីបញ្ចប់សង្គ្រាមនេះ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់អ៊ីស្រាអែលមិនឲ្យបំផ្លាញបទឈប់បាញ់នេះ»៕
