កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) តាមរយៈលិខិតចំហមួយទៅកាន់មេដឹកនាំរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើឲ្យមានកិច្ចប្រជុំទល់មុខជាមួយលោក Vladimir Putin ដោយបញ្ជាក់ថា លោកក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ សម្រាប់ «បទឈប់បាញ់ពេញលេញ»។

នេះគឺជាលិខិតមួយក្នុងចំណោមលិខិតមួយចំនួនតូចដែលលោក Zelenskyy បានអំពាវនាវដោយផ្ទាល់ទៅកាន់លោក Putin ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។
ការចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន បានជាប់គាំងអស់រយៈពេលជាច្រើនខែ ខណៈដែលដំណើរការដឹកនាំដោយសហរដ្ឋអាមេរិក នៅតែទៅមុខមិនរួចដោយសារតែសង្គ្រាមអ៊ីរ៉ង់។ ការចរចាជុំមុនៗ រវាងភាគីទាំង២ នៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) Abu Dhabi (អេមីរ៉ាតអារ៉ាប់រួម) និងហ្សឺណែវ (ស្វីស) មិនអាចសម្រេចបាននូវវឌ្ឍនភាព ជុំវិញបញ្ហាសំខាន់ ពាក់ព័ន្ធនឹងទឹកដី នៅក្នុងដំណោះស្រាយក្រោយសង្គ្រាមឡើយ។
នៅក្នុងលិខិតនោះ ដែលត្រូវបានផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានលើកឡើងថា៖ «អ៊ុយក្រែនស្នើឲ្យបញ្ចប់សង្គ្រាមនេះ តាមរយៈការចូលរួមដោយផ្ទាល់ រវាងពួកយើង និងរូបអ្នក។ យើងកំពុងស្នើឲ្យមានកិច្ចប្រជុំមួយ»។
លោកបានបន្ថែមថា៖ «អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ពេញលេញ ក្នុងអំឡុងពេលទាំងមូលនៃការចរចា»។ ហើយជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានស្នើឲ្យមានការដោះដូរអ្នកទោសសង្គ្រាម (ឈ្លើយសឹក) ទាំងអស់ ដោយបញ្ជាក់ថា ការធ្វើបែបនេះអាចជា «ការចាប់ផ្តើមដ៏ល្អមួយ ដើម្បីរំលត់ភ្លើងសង្គ្រាមនេះ»។
យ៉ាងណាក្ដី មិនមានការអត្ថាធិប្បាយភ្លាមៗឡើយ ពីលោក Putin ដែលកំពុងបញ្ចប់កិច្ចប្រជុំជាមួយអ្នកសារព័ត៌មានបរទេសនៅទីក្រុង Saint Petersburg នៅពេលដែលលិខិតនោះត្រូវបានចេញផ្សាយជាសាធារណៈ៕
