សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) បានដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel រួមជាមួយនឹងបុគ្គល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងរតនាគារអាមេរិក។
ទណ្ឌកម្មទាំងនេះ ក៏បានកំណត់គោលដៅលើបុគ្គល ៤នាក់ផ្សេងទៀត និងអង្គភាពចំនួន ៥ ផងដែរ ក្នុងនោះរួមទាំងភរិយារបស់លោក Diaz-Canel គឺលោកស្រី Lis Cuesta Peraza សមាជិក ២នាក់នៃគ្រួសារ Castro និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍។

រដ្ឋាភិបាលគុយបាមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញទណ្ឌកម្មនេះ។ លោក Diaz-Canel វ័យ ៦៦ឆ្នាំ បានធ្វើជាប្រធានាធិបតីនៃប្រទេសការ៉ាអ៊ីបមួយនេះ ចាប់តាំងពីឡើងកាន់តំណែងជំនួសលោក Raul Castro ដែលជាប្អូនប្រុសរបស់អតីតមេដឹកនាំគុយបា លោក Fidel Castro ក្នុងឆ្នាំ២០១៨។
ចំណាត់ការប្រឆាំងនឹងលោក Diaz-Canel កាលពីថ្ងៃទី៤ ខែមិថុនានេះ គឺជាវិធានការចុងក្រោយបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនសម្ពាធលើមេដឹកនាំកុម្មុយនីស្តរបស់កោះនេះ។ ទណ្ឌកម្មទាំងនេះត្រូវបានប្រកាស ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកចង់ឲ្យគុយបា «ក្លាយជាប្រទេសដែលមានការគ្រប់គ្រងយ៉ាងល្អ»៕
