យោងតាមក្រសួងការបរទេស បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) បានជជែកជាមួយប្រធានាធិបតីបូលីវី លោក Rodrigo Paz ដោយបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះរដ្ឋាភិបាលថ្មីរបស់ប្រទេសបូលីវី។
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ លោក Rubio បានបញ្ជាក់ជាថ្មី អំពី «ការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់បូលីវី និងរដ្ឋបាលរបស់លោក Paz ខណៈដែលខ្លួនកំពុងកសាងប្រទេសឡើងវិញ ក្រោយរយៈពេល ២០ឆ្នាំនៃការបរាជ័យគោលនយោបាយសង្គមនិយម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «មេដឹកនាំទាំង២ បានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសបូលីវី និងចែករំលែកអាទិភាព សម្រាប់ការជំរុញសន្តិសុខ និងស្ថិរភាពនៅទូទាំងតំបន់របស់យើង»។
ក្រសួងបានឲ្យដឹងទៀតថា ជាមួយគ្នានេះ លោក Rubio ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកកំពុងបង្កើនជំនួយសង្គ្រោះបន្ទាន់ និងការគាំទ្រផ្នែកភស្តុភារ ដើម្បីជួយដោះស្រាយកង្វះខាតស្បៀងអាហារ និងឱសថស្រួចស្រាវ ដែលទីក្រុងវ៉ាស៊ីនតោន បានសន្មតថា ជា «ការបិទផ្លូវដោយខុសច្បាប់» ដែលមានគោលបំណងធ្វើឲ្យប្រទេសមានអស្ថិរភាព។
តាមរយៈសេចក្ដីថ្លែងការណ៍នោះ ក្រសួងបានបន្ថែមថា៖ «លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ជាថ្មីថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នឹងបន្តឈរជាមួយប្រទេសបូលីវី ខណៈពេលដែលប្រទេសនេះធ្វើការឆ្ពោះទៅរកការមានស្ថិរភាព សន្តិសុខ និងអនាគតកាន់តែប្រសើរ សម្រាប់ប្រជាជនបូលីវីទាំងអស់»។
គួរបញ្ជាក់ថា មានការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍ ដោយអំពាវនាវឲ្យលោក Paz លាលែងពីតំណែង។ កម្មករ កសិករ អ្នករុករករ៉ែ ប្រតិបត្តិករដឹកជញ្ជូន និងគ្រូបង្រៀន កំពុងអំពាវនាវឲ្យមានវិធានការបន្ទាន់ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតជាលើកដំបូងរបស់ប្រទេស ក្នុងរយៈពេល ៤០ឆ្នាំ៕
