យោធាអ៊ីស្រាអែលបានព្រមានអ្នកស្រុកនៅទីក្រុង Sarafand នៅភាគខាងត្បូងនៃប្រទេសលីបង់ ដែលជាទីក្រុងមួយនៅលើផ្លូវឆ្នេរសមុទ្រ រវាងទីក្រុងតំបន់ Tyre និង Sidon ឲ្យជម្លៀសចេញជាបន្ទាន់ នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) មុនការវាយប្រហារដែលអាចកើតមាន ប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ដោយរាយបញ្ជីឈ្មោះទីក្រុង និងភូមិចំនួន ៦ ក្នុងនោះរួមមានទាំង Sarafand និង Saksakiyeh ដែលក៏ស្ថិតនៅលើផ្លូវឆ្នេរសមុទ្រផងដែរ អ្នកនាំពាក្យយោធាជាភាសាអារ៉ាប់ លោក Avichay Adraee បានបញ្ជាក់ពីការឲ្យជម្លៀសចេញនេះ។
លោក Adraee បានសរសេរថា៖ «ដោយសារតែក្រុមភេរវករហេសបូឡា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកំណត់គោលដៅរបស់ក្រុមនេះទៅលើតំបន់ជនស៊ីវិលរបស់ប្រទេសអ៊ីស្រាអែល កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ត្រូវបានបង្ខំចាត់វិធានការយ៉ាងខ្លាំងក្លា ប្រឆាំងនឹងក្រុមនេះ ជាពិសេសនៅក្នុងតំបន់របស់អ្នក»។
លោកបានបន្ថែមថា៖ «ដោយសារការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់អ្នក អ្នកត្រូវតែជម្លៀសចេញពីផ្ទះសម្បែងរបស់អ្នកជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani ដែលលាតសន្ធឹងប្រហែល ៤០គីឡូម៉ែត្រ នៅភាគខាងជើងព្រំដែន៕

