ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការចាប់ផ្ដើមការសន្ទនាឡើងវិញ រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីសម្រេចបាននូវបទឈប់បាញ់ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

នៅពេលធ្វើដំណើរទៅ ដើម្បីចូលរយមកិច្ចប្រជុំកំពូលតំបន់បាល់កង់ខាងលិច ក្នុងប្រទេសម៉ុងតេណេហ្គ្រោ លោក Macron បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងតែងតែគាំទ្រការចរចាដោយផ្ទាល់ រវាងអ៊ុយក្រែន និងវិមានក្រឹមឡាំង«។ លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំនឹងនិយាយត្រង់ៗជាមួយអ្នកទាំងអស់គ្នា។ ខ្ញុំជឿថា ពេលនេះ គឺអ៊ុយក្រែន និងរុស្ស៊ី ដែលអាចបង្កើតបានទាំងបទឈប់បាញ់ និងផែនការសន្តិភាព»។
ដោយគូសបញ្ជាក់ថា អឺរ៉ុបគឺជាអ្នករួមចំណែកដ៏ធំបំផុតមួយ ចំពោះកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន លោកបាននិយាយថា ទ្វីបនេះអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការសន្តិភាព។
ជាមួយគ្នានេះ អមដោយការអះអាងថា លោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅប៉ុន្មានថ្ងៃខាងមុខ លោក Macron បានឲ្យដឹងទៀតថា អ្នករួមចំណែកទាំងអស់ ចំពោះសម្ព័ន្ធឆន្ទៈរួម ក៏ត្រូវបានអញ្ជើញទៅកាន់ទីក្រុងប៉ារីស សម្រាប់ការចរចា នៅថ្ងៃទី ១៣-១៤ ខែកក្កដាផងដែរ។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់មេដឹកនាំបារាំង បានកើតឡើង ខណៈដែលទាំងទីក្រុងគីវ និងមូស្គូបានបង្ហាញការចាប់អារម្មណ៍ការចរចាឡើងវិញ។ ក្នុងលិខិតចំហមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskyy បានអំពាវនាវឲ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគោរពតាមបទឈប់បាញ់ ក្នុងអំឡុងរយៈពេលនៃការចរចា៕
