ប្រធានសភាលីបង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា គឺលោក Nabih Berri បាននិយាយនៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះថា លោកនឹងយល់ព្រម ចំពោះការដកទ័ពរបស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ចេញពីភាគខាងត្បូងលីបង់ ប្រសិនបើកងទ័ពអ៊ីស្រាអែលចាកចេញពីដែនដីដែលពួកគេកាន់កាប់នៅក្នុងប្រទេសនេះក្នុងពេលដំណាលគ្នាដែរ។
នៅក្នុងការអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរដែលចែកចាយដោយការិយាល័យរបស់លោក លោក Berri បានរិះគន់ក្របខ័ណ្ឌបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងដែលបានប្រកាសនៅសប្តាហ៍នេះថា មិនយុត្តិធម៌ទេ ដោយបានបញ្ជាក់ថា វាគួរតែរួមបញ្ចូល «បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ទាំងតាមផ្លូវគោក ទឹក និងអាកាស»។
លោកបានបន្ថែមថា លោក «យល់ស្រប ចំពោះការដកទ័ពរបស់ក្រុមហេសបូឡា ចេញពីភាគខាងត្បូងនៃទន្លេ Litani ដំណាលគ្នានឹងការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ដែលខ្លួនកាន់កាប់»។
គួរបញ្ជាក់ថា សង្គ្រាម នៅប្រទេសលីបង់ ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល បានដណ្តើមកាន់កាប់យ៉ាងធំនៅតំបន់ភាគខាងត្បូង ចាប់តាំងពីថ្ងៃទី២ ខែមីនា គំរាមកំហែងដល់កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ។ អ៊ីរ៉ង់បានទាមទារថា បទឈប់បាញ់យូរអង្វែងណាមួយ ត្រូវតែរួមបញ្ជូលទាំងប្រទេសលីបង់។ តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចង់បន្តការវាយលុករបស់អ៊ីស្រាអែល រហូតដល់ក្រុមហេសបូឡាលែងបង្កការគំរាមកំហែងទៀត៕