មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Mojtaba Khamenei នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) បានអនុម័តសំណើពីប្រមុខតុលាការ ដើម្បីឲ្យលើកលែងទោស កាត់បន្ថយ ឬបន្ធូរបន្ថយទោសដល់អ្នកទោសជាង ២.០០០នាក់។
ការលើកលែងទោសនេះបានកើតឡើងនៅមុនពិធីបុណ្យ Eid al-Ghadir ជាថ្ងៃឈប់សម្រាកសាសនាដ៏សំខាន់បំផុតមួយ ដែលប្រារព្ធឡើងដោយអ្នកកាន់សាសនាឥស្លាមនិកាយ Shia។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់មេដឹកនាំកំពូល។
នៅមុននេះ ប្រមុខតុលាការ លោក Gholamhossein Mohseni Ejei បានស្វែងរកការលើកលែងទោសសម្រាប់អ្នកទោសនៅក្នុងប្រទេសនេះ។
គួរបញ្ជាក់ថា បើយោងតាមសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA បានឲ្យដឹងថា អ្នកទោសដែលត្រូវបានផ្ដន្ទាទោស ពាក់ព័ន្ធនឹងបទល្មើសទាក់ទងនឹងសន្តិសុខ ចារកម្ម សកម្មភាពប្រឆាំងនឹងសន្តិសុខផ្ទៃក្នុង ឬខាងក្រៅរបស់អ៊ីរ៉ង់ និងបទល្មើសព្រហ្មទណ្ឌដែលគំរាមកំហែងដល់សន្តិសុខសាធារណៈ មិនមានសិទ្ធិទទួលបានការលើកលែងទោសនោះទេ៕